ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប្លង់ ឆ្លាម ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

100

ភ្នំពេញ៖អង្គប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ បានបោះឆ្នោតជ្រើសតាំងលោក ប្លង់ ឆ្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ (២០២៤-២០២៩) ដោយសំឡេងគាំទ្រ ០៨សំឡេង លើចំនួន សមាជិកដែលមានវត្តមាន ០៨រូប។
នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ (២០២៤-២០២៩)។
អនុលោមតាមមាត្រា៤ ចំណុចទី៦ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម និងលិខិតលេខ ១៩៨៥ កយ.រប/២៤ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ស្នើសុំឱ្យ ក្រុមប្រឹក្សាធម្មនុញ្ញជ្រើសតាំងឥស្សរជន ០១រូប ក្នុងតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលដំណើរការនៃការជ្រើសតាំងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ៩០ថ្ងៃ មុនពេលបញ្ចប់អាណត្តិនីមួយៗ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានផ្សព្វផ្សាយជាសាធារណៈជូនសាធារណជនឱ្យដាក់ពាក្យ ដោយទុករយៈពេល ១៥ថ្ងៃ សម្រាប់ការដាក់ពាក្យតាមសេចក្តីជូនដំណឹងលេខ ៥៥/២០២៤ អ.កបធ.សជណ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចាប់តាំងពីថ្ងៃជូនដំណឹងរហូតដល់ពេលផុតកំណត់ទទួលពាក្យនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនចំនួន 0៤រូប គឺ៖ ១. លោក ប្លង់ ឆ្លាម ២. លោក មាស សារឹម ៣. លោក ឡុង ដារ៉ា និង ៤. លោក ថោង ស៊ីម៕

អត្ថបទដែលជាប់ទាក់ទង