ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់យោធាចិន ព្រមានកម្ទេចការទន្ទ្រានរបស់បរទេស នៅក្នុងតំបន់សមុទ្រចិនខាងត្បូង

51


ប៉េកាំង៖ថ្លែងនៅក្រៅវេទិកាការពារជាតិមួយ មន្រ្តីយោធាជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិននឹងកម្ទេច រាល់ការទន្រ្ទានរបស់បរទេស មកលើទឹកដីអធិបតេយ្យរបស់ខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងវេទិកា Xiangshan ស្តីពីវិស័យការពារជាតិ ឧត្តមសេនីយនៃកងទ័ពចិន លោក He Lei បាននិយាយ យ៉ាងដូច្នេះថា «យើងសង្ឃឹមថា សមុទ្រចិនខាងត្បូង នឹងបន្តជាដែនសមុទ្រសន្តិភាព។ ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិក បញ្ជាកូនអុកខ្លួននៅពីក្រោយខ្នង ឬប្រសិនបើអាមេរិករុញច្រានប្រទេសដទៃទៀត ឱ្យមកកាន់ខ្សែបន្ទាត់ជួរមុខ ឬមួយក៏ អាមេរិកខ្លួនឯងផ្ទាល់ ហ៊ានមកដល់ ខ្សែបន្ទាត់ជួរមុខ នោះពួកយើងនៅក្នុងកងទ័ពរំដោះប្រជាជនចិន នឹងមិនមានការអត់ធ្មត់ណាមួយឡើយ»។
លោក He បានបន្តថា «យោធាចិននឹងកម្ទេច រាល់ការទន្ទ្រានបង្កអរិភាពរបស់បរទេស មកលើបូរណភាពទឹកដី អធិបតេយ្យ ក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ របស់ចិន ជាមួយការតាំងចិត្តនិងឆន្ទៈយ៉ាងមុះមុត ព្រមទាំងសមត្ថភាពរឹងមាំ និងមធ្យោបាយយ៉ាងមានប្រសិទ្ធភាព»។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងទាំងមូល គឺត្រូវបានទាមទារសិទ្ធិគ្រប់គ្រងស្ទើរទាំងស្រុងដោយចិន។ ប្រការនេះ បានបង្កឱ្យមាន បញ្ហាវិវាទទឹកដីរវាងចិន និងប្រទេសមួយចំនួននៅក្នុងតំបន់។ ក្នុងចំណោនោះ ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាមេរិក បានប្រឈមមុខគ្នាសឹងតែរាល់សប្តាហ៍ នៅទីតាំងមានជម្លោះនៃសមុទ្រចិនខាងត្បូង ហើយទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន ក៏បានទាស់សម្តីគ្នាផងដែរ ពាក់ព័ន្ធបញ្ហាជម្លោះនេះ៕

អត្ថបទដែលជាប់ទាក់ទង