ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើដំណើរទស្សនកិច្ច៥ថ្ងៃ របស់សម្តេចតេជោ លើទឹកដីកូរ៉េខាងត្បូង ទទួលបានលទ្ធផលអ្វីខ្លះ?

64


ភ្នំពេញ៖ដំណើរទស្សនកិច្ច៥ថ្ងៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើទឹកដីសាធារណរដ្ឋកូរ៉េ បានបញ្ចប់ដោយជោគជ័យ។ ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងនូវព្រឹត្តិការណ៍ថ្មីជាប្រវត្តិសាស្ត្រ ដែលបង្ហាញនូវចំណងទំនាក់ទំនងកាន់តែរឹងមាំថែមទៀតរវាងកូរ៉េខាងត្បូង និងប្រទេសកម្ពុជា ក្នុងសម័យដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននៃគណបក្សប្រជាជនកម្ពុជា។
លទ្ធផលដំណើរទស្សនកិច្ច៥ថ្ងៃ លើទឹកដីកូរ៉េខាងត្បូងដំណើរទស្សនកិច្ច៥ថ្ងៃ រវាងពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ គឺតបតាមការអញ្ជើញរបស់ភាគីកូរ៉េខាងត្បូង ដែលក្នុងនោះសម្តេចតេជោ បានអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Co-Existence)» និងការធ្វើបាឋកថាដ៏ពិសេសដទៃផ្សេងមួយទៀត រៀបចំដោយសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ ស្តីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ»។
វេទិកាចំណេះដឹងពិភពលោកលើកទី២៥ គឺជាវេទិកា ដែលមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗដែលមកពីជុំវិញពិភពលោក។ សម្តេចតេជោ ក្នុងវេទិកានោះ បានផ្តល់បទសុន្ទរកថាពិសេសមួយ ជាមួយការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាពនិងជាពិសេសហេតុអ្វីបានជាអាស៊ានមានសារៈសំខាន់ចំពោះពិភពលោក?
អាស៊ាន ក្នុងក្រសែភ្នែករបស់កម្ពុជា និងប្រទេសនានា ក្នុងតំបន់និងសកលលោក
សម្តេចតេជោសែន បានថ្លែងប្រាប់ភ្ញៀវបរទេសនានាក្នុងឱកាសវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ដោយសម្តេច បញ្ជាក់ថា «ចង់ចែករំលែកនូវមេរៀនមួយចំនួន ទាក់ទងនឹងអ្វីដែលអាស៊ាន បាន និងកំពុងធ្វើ នៅក្នុងបេសកកម្មរួមនៅក្នុងការជំរុញការការពារសុខសន្តិភាព និងការជំរុញវិបុលភាពសម្រាប់តំបន់ ក្នុងកាលៈទេសៈ ដែលអាស៊ានបានជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ នារយៈកាលជិត ៦ទសវត្សរ៍កន្លងមក»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «កម្ពុជាបានសំឡឹងឃើញអាស៊ាន គឺជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងស្ថាប័នតំបន់ ដែលមានដៃគូសហប្រតិបត្តិការច្រើន ដែលចំណុចទាំងនេះ គឺមានភាពទាក់ទាញខ្លាំង សម្រាប់នយោបាយការទូតរបស់កម្ពុជា ដែលចង់ជំរុញការការពារសន្តិភាព អធិបតេយ្យជាតិ និងចង់ស្វែងរកច្រកទ្វារទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា»។
បទបង្ហាញរបស់សម្តេច ថ្លែងនៅក្នុងសុន្ទរកថា បានចែកចេញជា ២ផ្នែក, ផ្នែកទី១ ភាពទាក់ទងនឹងសន្តិសហវិជ្ជមាន ដែលពាក់ព័ន្ធនឹងសំណួរថា តើអាស៊ានមានរូបមន្តអ្វី ដើម្បីរក្សា និងជំរុញសន្តិសហវិជ្ជមាន?
សម្តេច បានថ្លែងកត់សម្គាល់ថា៖ «ក្នុងរយៈពេលជិត ៦០ឆ្នាំ នៃការបង្កើតអាស៊ាន មានការព្យាករណ៍មិនតិចទេ ដែលថាអង្គការតំបន់មួយនេះ នឹងមិនអាចទទួលជោគជ័យ ដោយសារភាពខុសគ្នាជាច្រើន រវាងប្រទេសសមាជិក ទាំងផ្នែកប្រព័ន្ធដឹកនាំនយោបាយ សេដ្ឋកិច្ច ជាតិសាសន៍ វប្បធម៌ និងភាសាជាដើម»។
សម្តេច បានគូសបញ្ជាក់ត្រង់ចំណុចនេះថា៖ «ប៉ុន្តែអាស៊ានមិនបានចុះអន់ថយនោះទេ គឺមានតែរឹងមាំឡើង ហើយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន ដោយពួកគេទទួលស្គាល់ភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ាន ដែលអាចមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗ នៅក្នុងពិភពលោក»។
សម្តេចតេជោ បានថ្លែងបន្តថា៖ «ជាក់ស្តែងមកទល់បច្ចុប្បន្ន មានប្រទេសចំនួន ៥៤ប្រទេស ដែលបានក្លាយជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងមានអង្គទូត និងស្ថានតំណាងប្រចាំអាស៊ាន ចំនួន ៩៥ប្រទេស»។
សម្តេចតេជោ បានលើកឡើងនូវចំណុច សន្តិសហវិជ្ជមាន ទាំងផ្ទៃក្នុងអាស៊ានក្តី ទាំងជាមួយតួអង្គខាងក្រៅក្តី ដែលអាចកើតមានឡើងបាន គឺដោយសារតែអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សំខាន់ៗ ចែងនៅក្នុងធម្មនុញ្ញអាស៊ាន ដែលគោលការណ៍ភាគច្រើនសុទ្ធតែមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។
សម្តេចតេជោទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែកញ្ញា ត្រូវសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់កូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។
សម្ដេច ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានចាត់ទុកសញ្ញាបត្រនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម ជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នាដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។
សម្តេចតេជោ បានថ្លែងថា៖ «សញ្ញាបត្រកិតិ្តយសនេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជា គ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់ (សម្តេច) ដើម្បីរំដោះជាតិ ពីក្រញាំនៃរបបប្រល័យពូជាសាសន៍ និងការខិតខំកសាងជាតិឡើងវិញ ពីបាតដៃទទេទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ»។
នៅក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នាថ្ងៃទី១២ ខែកញ្ញា នោះ សម្តេចប្រធាន ព្រឹទ្ធសភា បានធ្វើបាឋកថាដ៏ពិសេសមួយស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ»។
សម្តេចតេជោ បានចែករំលែកនូវទ្រឹស្តីទស្សនវិជ្ជា «សង្គ្រាមងាយឆេះលឿន ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់» ដែលឆ្លុះបញ្ចាំងអំពីតថភាព របស់ពិភពលោកបច្ចុប្បន្ន និងការឆ្លងកាត់របស់ប្រទេសកម្ពុជា ក្នុងដំណាក់កាលសង្គ្រាមដែល ផ្តើមតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសាររដ្ឋប្រហារទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ និងសង្គ្រាមបានឆាបឆេះរាលដាលក្នុងប្រទេសកម្ពុជា រយៈពេលជិត៣០ឆ្នាំ ទំរាំបានរលត់ចប់សព្វគ្រប់អស់ទៅវិញ តាមរយៈយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ ដែលមិនត្រឹមធ្វើឱ្យកម្ពុជា អស់សង្គ្រាមទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការឯកភាព ទឹកដីលើកដំបូង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ៥០០ឆ្នាំកន្លងមកនេះផងដែរ។
សម្តេចតេជោ បានលើកឡើងនូវបំណងរបស់ក្រុមជ្រុលនិយមខ្មែរមួយចំនួន ដែលព្យាយាមចង់ទាញកម្ពុជា ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានប្តេជ្ញាការរក្សាឱ្យបានជាដាច់ខាតនូវ សុខសន្តិភាពមិនឱ្យរបូតចេញពីទឹកដីខ្មែរទៀតបានឡើយ។
សម្តេចតេជោ ជួបឥស្សរជនកំពូលកូរ៉េខាងត្បូង
ក្នុងដំណើរទស្សនកិច្ច៥ថ្ងៃ ក្នុងប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន បានជួប សំណេះសំណាលពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ូកយ៉ល (Yoon Suk-Yeol នៅវិមានប្រធានាធិបតីកូរ៉េ ដោយប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ជូនសម្តេចតេជោថា ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ ខាងមុខនេះ។
សម្តេចតេជោ នៅបានជួបអតីតប្រធានាធិបតី លោក លី ម៉្យុងបាក់ (Lee Myung-Bak), ជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូង ឯកឧត្តម អ៊ូ វ៉ន់ស៊ីក Woo Won-Shik ដែលជំនួបជាមួយប្រធាន រដ្ឋសភាកូរ៉េខាងត្បូងនោះ បានផ្តោតខ្លាំងលើការលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។
សម្ដេចតេជោ បានថ្លែងរំលឹកក្នុងពេលនោះថា ការផ្តួចផ្តើមឱ្យមានទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិតជាមិនងាយស្រួលឡើយ។ សម្ដេចបានលើកឡើង នូវភាពតស៊ូស្វិតស្វាញ និងការខិតខំធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ បានកើតឡើងចាប់តាំងពីឆ្នាំ១៩៩៦មក។
សម្តេចតេជោ បានលើកឡើងទៀតថា ប្រទេសទាំងពីរសាធាណរដ្ឋកូរ៉េ និងកម្ពុជា គឺជាប្រទេសដន្លងនឹងគ្នា ដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េ ជាច្រើនប្រមាណជាង៨,០០០នាក់ ដែលខ្សែជីវិតរបស់ពួកគេ មានកូនចៅរហូតដល់ទៅប្រមាណជា ៧ម៉ឺន៥ពាន់នាក់។
សម្ដេចសំណូមពរឱ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឱ្យកូនចៅពលរដ្ឋទាំងអស់នោះ បានរៀនភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។
ក្នុងដំណើរទស្សនកិច្ច៥ថ្ងៃ លើទឹកដីកូរ៉េខាងត្បូង សម្តេចតេជោ បានជួបអតីតប្រធានសភា កូរ៉េខាងត្បូង លោក គីម ជិនផ្យូ Kim Jin-pyo, ជួបជាមួយលោក បាន គីមូន (Ban Ki-Moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ជួបជាមួយប្រធានសមាគមវប្បធម៌ កូរ៉េ KCA លោក Samuel Chung និងជួបជាមួយប្រធានក្រុមហ៊ុនកូរ៉េ ជាច្រើនថែមទៀត មុនដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញ នាវេលាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង