ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនជាតិអេស្ប៉ាញ អាមេរិក និងឆែក ដោយចោទថាពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាល

66


ការ៉ាកាស៖មន្ត្រីជាន់ខ្ពស់វ៉េណេស៊ុយអេឡាម្នាក់ បាននិយាយថាជនជាតិអេស្ប៉ាញ ២នាក់ ពលរដ្ឋអាមេរិក ៣នាក់ និងឆែកម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោមបទសង្ស័យមានជាប់ពាក់ព័ន្ធនឹងការផែនការបង្កអស្ថិរភាពក្នុងប្រទេស ស្ថិតនៅអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា បានឱ្យដឹងថាយោធាអាមេរិកម្នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយក៏បានដឹង ដែរពីសេចក្ដីរាយការណ៍ក្រៅផ្លូវការថាពលរដ្ឋអាមេរិក ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ ប៉ុន្តែបានច្រានចោលការអះអាងរបស់វ៉េណេស៊ុយអេឡាពីការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងផែនការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។
នៅឯសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយថាជនជាតិអេស្ប៉ាញ២នាក់ ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង ចារកម្មអេស្ប៉ាញ និងមានគម្រោងសម្លាប់ចៅហ្វាយក្រុងម្នាក់។ ប៉ុន្តែខាងរដ្ឋាភិបាលអេស្ប៉ាញ បានច្រានចោលការអះអាងបែបនេះ។ លោក Cabello ក៏បានចោទប្រកាន់ផងដែរថា ពលរដ្ឋអាមេរិក៣នាក់ និងឆែកម្នាក់ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម ក្នុងនោះរួមមានទាំងផែនការសម្លាប់លោក ម៉ាឌូរ៉ូ និងមន្ត្រីវ៉េណេស៊ុយអេឡាជាច្រើននាក់។
គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា អាចនឹងធ្វើឱ្យភាពតានតឹងកាន់តែកើនឡើងជាមួយអេស្ប៉ាញ និងសហរដ្ឋអាមេរិក បន្ទាប់ពីមានភាពចម្រូងចម្រាស ជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដា និងបេក្ខជនប្រធានាធិបតី លោក Edmundo Gonzalez មកពីគណបក្សប្រឆាំង រត់ភៀសខ្លួន ទៅកាន់អេស្ប៉ាញ កាលពី សប្ដាហ៍មុន ក្រោយមានការគំរាមចាប់ខ្លួនពីរបបលោក ម៉ាឌូរ៉ូ៕

អត្ថបទដែលជាប់ទាក់ទង