ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ការវិនិយោគអគារចំណតនៅភ្នំពេញ នឹងមានច្រើននៅថ្ងៃខាងមុខ ខណៈរថយន្ដកើនឡើងរាល់ថ្ងៃ

52

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងថា ការវិនិយោគអគារចំណតរថយន្ដនៅរាជធានីភ្នំពេញ នឹងមានកាន់តែច្រើននៅថ្ងៃអនាគត ខណៈនៅពេលបច្ចុប្បន្ននេះ កំណើនរថយន្ដក៏មានការកើនឡើងជារៀងរាល់ថ្ងៃ។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា មិនអាចហាមឃាត់ឲ្យប្រជាពលរដ្ឋទិញរថយន្ដថែមនោះទេ ដូច្នេះជាមួយនឹងកំណើតរថយន្ដរៀងរាល់ថ្ងៃ ទាំងតែផ្ទៃដីមិនរីកបែបនេះ ដំណោះស្រាយមានតែសាងសង់អគារសម្រាប់ធ្វើចំណតរថយន្ដតែម្ដង ក្នុងនោះមានទាំងការសាងសង់អគារឲ្យខ្ពស់ និងមានទាំងការសាងសង់ក្រោមដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថា នៅថ្ងៃខាងមុខទៀតនៅក្នុងរាជធានីភ្នំពេញ យើងនឹងឃើញអគារចំណត (Parking) ច្រើនជាន់ ព្រោះដីអស់ហើយ តិចទៀតមានក្រោមដីខ្លះហើយនៅខាងមុខ Vattanac។ ហើយតទៅមុខទៀតប្រហែលជាមានការវិនិយោគសម្រាប់ដាក់អគាររថយន្ត យើងមិនអាចហាមឲ្យប្រជាជនមានឡានថែមទៀត»។
សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សូម្បីតែអគារថ្មីដែលត្រូវសាងសង់បន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ក៏បានគិតគូយ៉ាងហ្ម ត់ចត់ចំពោះទីតាំងសម្រាប់ចំណតរថយន្ដផងដែរ ពោលសម្រាប់អគារថ្មីនេះ បើតាមសេចក្ដីរាយការណ៍របស់លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អាចចតរថយន្ដបានប្រមាណ៥០០គ្រឿង។ សម្ដេចបន្ដថា សម្រាប់បរិវេណមន្ទីរពេទ្យកាល់ម៉ែតនៅពេលនេះ គឺអត់ទំហំដីសម្រាប់សាងសង់អគារទៀតហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដំណាលថា មន្ទីរពេទ្យកាល់ម៉ែត សម្ដេចធ្លាប់មកកាលពីអតីតកាលមានតែអគារតូចៗប៉ុណ្ណោះ ប៉ុន្ដែនៅពេលនេះមានអគារខ្ពស់ៗកាន់តែច្រើន ដើម្បីបំពេញតម្រូវការក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន៧,៥៦៣,៣៩៥គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប១,៣៣៥គ្រឿង។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសបាន ២០០,៨២៤គ្រឿង ក្នុងនោះ ម៉ូតូ ១៧០,៧៤៦គ្រឿង, យានយន្តធុនស្រាល២៦,៣៨០គ្រឿង និងយានយន្តធុនធ្ងន់ ៣,៦៩៨គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង