ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាវប្បធម៌អាស៊ី៖ សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលត្រូវបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីការទទួលស្គាល់ជាអន្ដរជាតិថា សម្ដេចជាមគ្គុទ្ទេសក៍ឯក និងជាស្ថានិកសន្ដិភាពកម្ពុជា

60

ភ្នំពេញ៖ក្រុមប្រឹក្សាវប្បធម៌អាស៉ី ACC បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅសាកលវិទ្យាល័យជាតិដុងហ្គុកវាសយ័ ខេត្តឡុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉ ទីក្រុងស្យុងយូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ត្រូវបានប្រគល់ជូន សម្តេចតេជោ ចំពោះសមិទ្ធផល និងការ លះបង់ពេញមួយជីវិតរបស់សម្ដេចតេជោ ក្នុងការបម្រើប្រជាជននិងប្រទេសកម្ពុជា ដែលបាននាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងសិទ្ធិសេរីភាព ជាពិសេសចំពោះការប្រតិបត្តិសាសនា និងជំនឿ ដោយនេះពិតជាបានលើកកម្ពស់នូវគុណតម្លៃ នៃការប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា និងពិភពលោក។
តាមរយៈនយោបាយឈ្នះឈ្នះ ដ៏ល្បីល្បាញរបស់សម្ដេចតេជោ ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ពីប្រទេស ដែលហែកហួរដោយភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ ក្លាយទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយ នៅក្នុងពិភពលោក ហើយបាននិងកំពុងដើរតួនាទីកាន់តែសកម្មនៅក្នុងតំបន់ និងពិភពលោកក្នុងការគាំទ្រប្រព័ន្ធ ពហុភាគីនិយម ជាពិសេសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងការថែរក្សាសន្តិភាព សន្តិសុខ និងការផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសទាំងនៅក្នុងតំបន់និងពិភពលោក។ ទាំងនេះ គឺកើតចេញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតឥតងាករ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់សម្ដេចតេជោជាច្រើនទសវត្សរ៍ ជា ពិសេសគឺការបន្តស្មារតីដឹកនាំសន្តិភាពសម្រាប់ ថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា តាមរយៈការផ្លាស់ប្តូរអំណាច ដោយសន្តិភាព និងប្រជាធិបតេយ្យ។
សាកលវិទ្យាល័យជាតិដុងស្តុកវាយស៍ គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់មួយរបស់ សាធារណរដ្ឋកូរ៉េ ដែលត្រូវបានបង្កើតឡើងដោយព្រះសង្ឃព្រះនាម Jogye នៅឆ្នាំ១៩៧៨ ដែលបានផ្ដោតសំខាន់លើ ទ្រឹស្តីរបស់ព្រះពុទ្ធពាក់ព័ន្ធនឹងការបណ្តុះប្រាជ្ញាស្មារតី និងមានបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សចូលរួមក សាងសង្គមដ៏ភ្លឺស្វាង និងត្រចះត្រចង់ប្រកបដោយក្រមសីលធម៌ និងមនសិការ ស្របតាមទស្សនវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
ការទទួលបានសញ្ញបតបណ្ឌិតកិត្តិយសនេះ ពិតជាបានសបញ្ជាក់អំពីការទទួលស្គាល់ជាអន្តរជាតិ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯក និងជាស្ថាបនិកសន្តិភាពរបស់កម្ពុជា ដែលមានគុណតម្លៃនៃភាពជាអ្នកដឹកនាំ នៅក្នុងការកសាងអភិវឌ្ឍសង្គមជាតិកម្ពុជា និងការកសាងសាមគ្គីភាពនៃប្រជាជាតិ នៅក្នុងតំបន់និងពិភពលោក តាមរយៈបទពិសោធន៍ជាប្រវត្តិសាស្ត្រ និងការរួមចំណែករបស់កម្ពុជា ក្នុងការបណ្តុះស្មារតីនៃសន្តិភាព ការផ្សះផ្សានិងភាពអត់ឱន និងសហត្ថិភាព ដើម្បីសាមគ្គីភាពអន្តរជាតិដោយគ្មានការរើសអើង និងភាពសម្បូរសប្បាយរុងរឿងសម្រាប់ជាតិនិងប្រជាជន ក៏ដូចជាសម្រាប់តំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង