ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ចេញដំណើរទៅកាន់ប្រទេសរុស្ស៉ី

70

ព្យុងយ៉ាង៖ស្ថានទូតរុស្ស៉ីប្រចាំនៅកូរ៉េខាងជើង បានប្រកាសឱ្យដឹងនាថ្ងៃចន្ទនេះថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានចេញដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមវេទិកាស្រ្តីតំបន់អឺរ៉ាស៉ី និងវេទិកាស្រ្តីនៃក្រុមប្រទេស BRICS នៅឯទីក្រុង Saint Petersburg។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ស្ថានទូតរុស្ស៉ីបាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៉ី លោក Alexander Ivanovich Matsegora បានជូនដំណើរលោកស្រី Choe នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង។ វេទិកាខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា។ កិច្ចប្រជុំពីមុនៗនៃវេទិកាស្រ្តីតំបន់អឺរ៉ាស៉ី គឺប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់មានវត្តមានចូលរួម ប៉ុន្តែវិមានក្រឹមឡាំង មិនទាន់ប្រកាសនៅឡើយទេ អំពីការចូលរួមរបស់លោក ក្នុងវេទិកាឆ្នាំនេះ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងរុស្ស៉ី បានឈានដល់កម្រិតស្អិតល្មួតគ្នាខ្លាំង ក្នុងឆ្នាំនេះ នៅពេលលោក ពូទីន បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះរួមមានទាំង ការសន្យាជួយការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធប្រឆាំងប្រទេសទាំងពីរ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងការបំពេញទស្សនកិច្ចនៅព្យុងយ៉ាង។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចោទប្រកាន់ថា កូរ៉េខាងជើងបាននិងកំពុងលួចជួយរុស្ស៉ី តាមរយៈការផ្គត់ផ្គង់អាវុធ សម្រាប់ប្រើ ក្នុងសង្រ្គាមឈ្លានពានរបស់ នៅអ៊ុយក្រែន ជាថ្នូរមកវិញ នូវការជ្រោមជ្រែងផ្នែកសេដ្ឋកិច្ច និងក្នុងទម្រង់ដទៃទៀត។ យ៉ាងណាមិញ កូរ៉េខាងជើងនិងរុស្ស៉ី បានបដិសេធការចោទប្រកាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង