ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤

13

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោម ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះ យានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹករហូតដល់បញ្ចប់ព្រះរាជកម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់តាមកំណាត់មហាវិថីខាងលើ ដោយក្ដីអនុគ្រោះ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង