ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនិងលោកជំទាវដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីជិត៥០០នាក់ចុះធ្វើទស្សនកិច្ចនៅបង្គោលដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី

73

មណ្ឌលគីរី៖ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអោយប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤និងតំបន់ផ្សេងទៀតនឹងទទួលបាននូវការអភិវឌ្ឍរីកចំរើនដូចគ្នា។
ការលើកឡើងបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមនិងលោកជំទាវដឹកនាំមន្ត្រីរាជការចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជិត៥០០នាក់ចុះធ្វើទស្សនកិច្ចនៅបង្គោលដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី ពោលគឺក្រោយឯកឧត្ដមនិងលោកជំទាវបានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២២ កញ្ញា ម្សិលម៉ិញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កាលដែលឯកឧត្ដមដឹកនាំមន្ត្រីរាជការចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញចុះមកពិនិត្យមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេនេះ គឺក្នុងគោលបំណងដើម្បីអោយមន្ត្រីទាំងអស់បានឃើញពីស្ថានភាពព្រំដែន ពិតប្រាកដ គឺមិនមានការរំកិលឬរំលោភយកដី ដូចការញ៉ុះញ៉ុងពីក្រុមជ្រុលនិយមឡើយ។ ក្រោយពីបានឃើញពីស្ថានភាពពិតជាក់ស្តែងហើយ សូមបងប្អូនយកទៅផ្សព្វផ្សាយតគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថាព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងគត់មត់ បូរណៈភាពទឹកដី ត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ក្នុងការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី។ នេះជាសារមួយ សូមផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ និយាយដោយឡែក ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ តែបើនិយាយជារួម សូមអោយប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជានីតិការទី៧ នៃរដ្ឋសភា ដែលបន្តដឹកនាំដោយសម្ដេចធិបតី បានថែទាំយ៉ាងគត់មត់ នៅទឹកដី និងបូរណាភាពទឹកដី ដោយចាប់ពីថ្ងៃរំដោះ ៧មករា រហូតដល់បច្ចុប្បន្ននេះ ទឹកដីកម្ពុជា មិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ។
ឯកឧត្ដមបន្តថា៖ សម្តេចទាំងទ្វេ បានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយជំហ៊ានបោះទៅមុខ ក្នុងការអភិវឌ្ឍជូនជាតិមាតុភូមិ មិនទុកឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណាមួយ ដាច់ឯកកោដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់និងខិតខំប្រឹងប្រែងទាំងអស់គ្នា។អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមចិត្តតែមួយ ឯកភាព ជាឯកច្ឆ័នការពារឱ្យខានតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ សន្តិភាពជាតម្លៃសារវន្ត ដែលមិនអាចបាត់បង់បានទេចង់បានការអភិវឌ្ឍ ត្រូវថែទាំសន្តិភាពនេះអោយបានរឹងមាំ ស្ថិតថេ ទៅថ្ងៃអនាគត ដើម្បីយុវជនរបស់យើង ស្គាល់នូវភាពសុខសាន្ត និងការរីកចម្រើន ។
ឯកឧត្ដមអភិបាលរាជធានីបន្តថា ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន សម្តេចយល់ច្បាស់ណាស់ថា បោះបង្គោលព្រំដែនដើម្បីធ្វើឱ្យកន្លែងព្រំដែននេះ ជាតំបន់អភិវឌ្ឍន៍ ។ ប្រទេសមានប្លង់រឹង កាលណាបោះបង្គោលព្រំដែនហើយ បានន័យថា ប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើងមានបង្គោលព្រំដែនពិតប្រាកដ ។ នេះជាមោទនៈភាពរបស់ជាតិខ្មែរ ដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំកន្លងមក។ ឯកឧត្ដមឃួង ស្រេង ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពអោយបានគង់វង់ ដើម្បីអោយកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង