ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញចុះពិនត្យផ្ទាល់កន្លែងផ្លូវបាក់ស្រុតដោយបញ្ជាកម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយជាបន្ទាន់ជាមួយការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ

21

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣កញ្ញានេះ បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគីរីឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក្រោយពីឯកឧត្ដមដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនៈកិច្ចមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី។
កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣កញ្ញានេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីសំណាក់ឯកឧត្ដមឃួង ស្រេង ធ្វើឡើងដើម្បីស្វែងរកមូលហេតុ ឈានទៅរកការទប់ស្កាត់កុំអោយបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗចំពោះប្រជាពលរដ្ឋអ្នកដំណើរនិងប្រជាពលរដ្ឋរស់នៅតំបន់នេះ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា៖ ខណៈឯកឧត្ដមឃួង ស្រេង ចុះពិនិត្យ ឯកឧត្ដមក៏បានណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនិងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលអោយទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង