ការដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ម៉ែត្រ ១ខ្សែពីភ្លើងស្តុបផ្លូវ២៣០កែងមហាវិថីម៉ៅ សេទង់តាមបណ្ដោយផ្លូវ២៣០ ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង
ភ្នំពេញ៖ការងារដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ម៉ែត្រ ១ខ្សែប្រវែង១៧៩ម៉ែត្រ លើបណ្ដោយផ្លូវ២៣០ (ផ្លូវកោសដូង) ចាប់ពីភ្លើងស្តុប២៣០កែងមហាវិថីម៉ៅសេទុង ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានចាប់ផ្តើមការដ្ឋានកាលពីថ្ងៃ ១៩សីហា កន្លងមក គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានជាច្រើនភាគរយហើយ គ្រោងបញ្ចប់ក្នុងខែវិច្ឆិកា
២០២៤នេះ ជាមួយនិងការអ៊ុតកៅស៊ូ ពីលើផងដែរនៅពេលការដ្ឋានដាក់លូនេះបានរួចរាល់។
មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៤កញ្ញានេះទៀតថា៖ ការដ្ឋានដាក់លូខ្នាតធំនេះក្រោយស្ថាបនារួចរាល់ អាចនឹងរំដោះទឹកជំនន់ទឹកភ្លៀងនៅតំបន់ម៉ុងឌីយ៉ាល់បានយ៉ាងល្អប្រសើរ នៅក្នុងរដូវវស្សា។
មន្ត្រីដដែលបានបញ្ជាក់ថា៖ ការដ្ឋាននេះ ស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាក្រុមហ៊ុន ដែល មានការផ្គត់ផ្គង់និងដំឡើងលូជ្រុងមុខកាត់ទំហំ៤ម៉ែត្រកំពស់២ម៉ែត្រ ។
មន្ត្រីដដែរ បានបន្តទៀតថា៖ ការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រx២ម៉ែត្រ មានប្រវែង១៩៧ម៉ែត្រ បានដំណើរការកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិចនៅតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក៏ជាគម្រោងរបស់ថ្នាក់ជាតិអនុវត្ត ដោយក្រុមហ៊ុន Precast Plantsនេះដែរ។
ដោយឡែក ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែង៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យនិងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបាននិងកំពុងអនុវត្តដោយក្រុមហ៊ុន Precast Plantsនេះដែរនោះ
ក៏ស្ថិតក្នុង គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕