ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ៖តើអ្វីទៅជាសន្តិភាពលើផុតគេ

13

ភ្នំពេញ៖កាលពីព្រេងនាយមានក្សត្រសំបូរព្រះរាជទ្រព្យមួយអង្គចង់រកវិចិត្រករមានស្នាដៃឆ្នើមម្នាក់ដែលអាចគូរផ្ទាំងគំនូរបង្ហាញពីអត្ថន័យពិតប្រាកដនៃសន្តិភាព។
ព្រះអង្គប្រកាសផ្តល់ព្រះរាជរង្វាន់ដ៏ច្រើនដល់វិចិត្រករណាដែលអាចគូររូបតំណាងអោយសន្តិភាពពិតប្រាកដបាន បាន។កាលនោះមានសិល្បករឆ្នើមៗជាច្រើននៅទូទាំងប្រទេស
បានមកចូលរួមក្នុងការប្រកួតប្រជែងនេះ។
ពួកគេម្នាក់ៗខិតខំសំរឹតសំរាំងបញ្ចេញទស្សនៈរបស់ខ្លួនតាមផ្ទាំងគំនូរអំពីអត្ថន័យសន្តិភាព។ក្រោយពីបានពិនិត្យមើលរាល់ផ្ទាំងគំនូរហើយព្រះរាជាសព្វព្រះទ័យលើផ្ទាំងគំនូរតែពីរ
គត់ដែលព្រះអង្គត្រូវសម្រេចព្រះទ័យតើជ្រើសរើសយកមួយក្នុងចំណោមទាំង២នេះ។
ផ្ទាំងគំនូរទី១មានរូបភាពបឹងមួយដ៏ស្ងប់ស្ងាត់ផ្ទៃបឹងគ្មានទឹករលកដែលអាចឆ្លុះបញ្ចាំងពីព្រះរាជវាំងនិងភ្នំដែលនៅព័ទ្ធជុំវិញព្រមទាំងមេឃដែលមានពពកសក្បុសរសាត់។ផ្ទាំងគំនូរនេះបង្ហាញអំពីអ្វីស្ងប់ស្ងាត់ប្រកបដោយសម្រស់ដែលបញ្ចេញនូវអារម្មណ៍មួយដ៏សុខស្រួល។
សម្រាប់ផ្ទាំងគំនូរទី២ខុសគ្នាស្រទ្បះដោយបង្ហាញពីជួរភ្នំពណ៌ខ្មៅចោតមានកំពូល
ស្រួចក្រោមមេឃខ្មៅងងឹត។ភ្លៀងកំពុងបង្អុរចុះមកព្រមទាំងមានទឹកធ្លាក់ហូរចុះពីភ្នំដោយកម្លាំងនិងសន្ធឹកខ្ទ័រខ្ទារ។រូបភាពមើលទៅដូចជាកាចសាហាវជ្រួលច្របល់និងមានឋាមពលខ្លាំងក្លា។
មើលមួយភ្លែតទៅផ្ទាំងគំនូរទី២ដូចជាគ្មានបង្ហាញអ្វីបន្តិចសោះអំពីសន្តិភាព។ប៉ុន្តែព្រះរាជាទ្រង់ទតជិតបន្តិចក៏ប្រទះឃើញនៅចន្លោះថ្មទាំងនោះមានគុម្ពស្មៅពណ៌បៃតងមួយហើយនៅចន្លោះគុម្ពស្មៅនោះសត្វបក្សីតូចមួយសម្ងំនៅក្នុងសំបុកវាទោះបីជានៅក្បែរទឹកធ្លាក់ដ៏ខ្ទ័រខ្ទារនិងព្យុះភ្លៀងខាងលើក៏ដោយ។ក្រោយទ្រង់ព្រះតម្រិះយ៉ាងល្អិតល្អន់លើផ្ទាំងគំនូរទាំង២
មកព្រះរាជាសម្រេចព្រះទ័យជ្រើសរើសយកផ្ទាំងគំនូរទី២ហើយប្រទានរង្វាន់ធំដល់វិចិត្រករដែលបានគូររូបគំនូរនេះ។
បន្ទាប់មកព្រះរាជាទ្រង់មានព្រះបន្ទូលទៅកាន់វិចិត្រករដែលចូលរួមថា៖«សន្តិភាពពិតប្រាកដមិនមែនស្ថិតនៅត្រង់កន្លែងដែលមិនមានបញ្ហាឬជម្លោះនោះទេ។សន្តិភាពពិតប្រាកដគឺអាចរកបាននៅក្នងពេលដែលអ្នកអាចនៅស្ងប់ស្ងៀមនិងមិនភិតភ័យនៅក្នុងចំណោមបញ្ហាប្រឈមនិងព្យុះភ្លៀង»។នេះហើយជាអត្ថន័យពិតប្រាកដនៃសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង