ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ៖អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានដោយប្រជាពលរដ្ឋគាត់ទៅស្រុកកំណើតនៅខេត្តអស់ពីផ្ទះយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់

61

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំអោយអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននេះ ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពួកគាត់ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។
ការណែនាំបែបនេះរបស់ឯកឧត្ដម
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនារសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី,មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។
ជាមួយគ្នានេះដែរពាក់ព៏ន្ធជនអន្តោប្រវេសន៌ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំ អោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់លើការគ្រប់គ្រងជនឥន្តោប្រវេសនន៌អោយបានម៉ឺងម៉ាត់បំផុត ក្នុងនាមយើងជាម្ចាស់ប្រទេស បើជនបរទេសណាប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែបណ្តេញចេញពីប្រទេសកម្ពុជា ដោយមិនមានការរើសអើងថា ជាជនជាតិណាឡើយ។
ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ សំរាប់បុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននេះ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងជាង២០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យជាតិនេះ ក្នុងនោះមានទាំងការដាក់កម្លាំងនៅតាមវត្តទាំង១៥០វត្ត ដោយសហការជាមួយប្រជាការពារ។ ដាក់កម្លាំងចំនួន៤៦គោលដៅ ដើម្បីល្បាតពួនស្ទាក់ សម្រួលចរាចរណ៍ ជាមួយនិងការ បង្ការទប់ស្កាត់គ្រោះអគ្គីភ័យជាដើម។
ជុំវិញការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីក៏បានណែនាំអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបើកកិច្ចប្រជុំនៅតាមបណ្តាខណ្ឌទាំងអស់ដើម្បីអោយមន្ត្រីរបស់យើងបានយល់ច្បាស់ពីរការសម្រេចនេះ ហើយបន្តយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានយល់ពីការដកខ្លួនចេញពី (CLV-DTA)នេះអោយបានច្បាស់។ លោកឃួង ស្រេង បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលយើងបានដកខ្លួនចេញពី (CLV-DTA)មែន តែរាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ដោយខ្លួនឯង ដើម្បីភាពរីកចំរើនរបស់ប្រជាពលរដ្ឋនៅតាមបណ្តោខេត្តជាប់ព្រំដែន។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល មិនធ្លាប់មានកំហុសឆ្គងម្តងណាឡើយ ក្នុងរយៈពេល៤៥ឆ្នាំត្រូវពន្យល់ប្រជាពលរដ្ឋអោយបានយល់និងជឿទុកចិត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង