ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីបញ្ជាក់ថា៖ការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះគឺសំដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវាតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ៖ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានកំណត់អំពីបែបបទ និងនីតិវិធី នៃការ អនុវត្តការងារអត្រានុកូលដ្ឋាន មានភាពសាមញ្ញងាយស្រួល និងថែមទាំងបានធ្វើទំនើបកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តថ្មីលើ ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្តូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
នេះជាការលើកឡើងរបស់ឯកឧត្តម កើត ឆែ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិង លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គ បណ្តុះបណ្តាលស្តីពីការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ- អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់»នាព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមបានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិស ដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពាក់ព័ន្ធនឹងការងារអត្រា នុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ គឺសំដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវាតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ។ការងារអត្រានុកូលដ្ឋាន គឺជាការងារចម្បងអាទិភាព មួយ ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់ ដើម្បីរៀបចំកំណត់ត្រាបញ្ជីអត្រានុកូលដ្ឋាន មួយដែលមានភាពសុក្រឹត្យ ត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងនូវកំហុសទិន្នន័យរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាចយកបញ្ជីអត្រានុកូលដ្ឋាន ដើម្បីផលិតជារបាយការណ៍ស្ថិតិអត្រានុកូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុង ការកសាងនូវផែនការ និងគោលនយោបាយសេដ្ឋកិច្ច-សង្គម។
ឯកឧត្ដម អភិបាលរងបន្តថា៖ ផលអវិជ្ជមាននៃអត្រានុកូលដ្ឋានរបស់ប្រទេសយើង នាពេលកន្លងមក គឺកើតចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសង្គ្រាមស៊ីវិល។យើងបានរៀបចំកំណត់ត្រាបញ្ជីអត្រានុកូលដ្ឋានឡើងវិញនាឆ្នាំ២០០០ បន្ទាប់ពីប្រទេសជាតិយើងមានសន្តិភាពពេញលេញ តាមរយៈការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តពូនជ្រុំ-ថែរក្សាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្ដម បានបញ្ជាក់ថា៖ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មបាន ចូលជាធរមានកាលពីខែកក្កដា ឆ្នាំ២០២៤ ច្បាប់នេះមានគោលបំណងមិនត្រឹមតែកំណត់អំពីបែបបទ និងនីតិវិធី នៃការ អនុវត្តការងារអត្រានុកូលដ្ឋាន ដែលមានភាពសាមញ្ញ ងាយស្រួល និងបត់បែនទៅតាមបរិបទនៃសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើទំនើបកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តថ្មីលើ ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្តូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្ដម កើត ឆែ បានបញ្ជាក់ទៀតថា៖ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីរបស់យើងនឹងបានយល់ច្បាស់អំពីទម្រង់ បែបបទ និងនីតិវិធីនៃការកត់ត្រាការងារអត្រានុកូលដ្ឋាន ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីធានាបានបងប្អូនប្រជាពលរដ្ឋគ្រប់រូប មានឯកសារអត្រានុកូលដ្ឋាន ស្របតាមគោលបំណងនៃច្បាប់ថ្មី ដែលបានបញ្ញត្តថា ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់, ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវា គ្រប់ប្រភេទ និងជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ឯកឧត្ដមបានអះអាងថា៖ ការខិតខំត្រងត្រាប់ស្តាប់ រៀនសូត្រ ពីវគ្គបណ្តុះបណ្តាលនេះ បងប្អូននឹងទទួលបានបុណ្យកុសលធំណាស់ ដោយពេលយើងបានចេះដឹងពីការរៀនសូត្រនេះហើយ បងប្អូននឹងយកចំណេះដឹងនេះទៅបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលើការផ្តល់សេវាអត្រានុកូលដ្ឋាននេះ៕