សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអារ៉ាប់ អំពាវនាវឱ្យមានបទឈប់បាញ់បណ្ដោះអាសន្ន នៅលីបង់
យូអិន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសអារ៉ាប់ជាច្រើន បានអំពាវនាវរួមគ្នាកាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា ឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយរយៈពេល២១ថ្ងៃ នៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងក្រុមហេសបូឡា កំពុងបង្កើនហានិភ័យរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលទៅក្នុងសង្រ្គាម។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានព្រាត់ប្រាស់ពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសលីបង់ ក្ន ុងនោះ ការវាយប្រហារកាលពីថ្ងៃពុធ ត្រូវបានក្រសួងសុខាភិបាលលីបង់អះអាងថាបានសម្លាប់មនុស្ស ៧២នាក់។ ជាប្រតិកម្មទៅជម្លោះដ៏ក្ដៅកគុគរវាងអ៉ីស្រាអែល និងហេសបូឡានេះដែរ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមាន បទឈប់បាញ់បណ្ដោះអាសន្ន។
សេចក្ដីថ្លែងការណ៍រួមនេះ បានគូសបញ្ជាក់ដូច្នេះថា «វាជាពេលត្រូវសម្រេចឱ្យបាននូវដំណោះស្រាយការទូត ដែលអនុញ្ញាតឱ្យជនស៊ីវិលនៃភាគីជម្លោះទាំងសងខាងនៅតាមបណ្ដោយព្រំដែន អាចត្រូវត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព…ប៉ុន្តែការទូតមិនអាចសម្រេចបានជោគជ័យនោះទេ ក្នុងបរិបទជម្លោះដ៏ក្ដៅគគុកបែបនេះ។ ដូច្នេះយើងអំពាវនាវឱ្យមានបទឈប់បាញ់ រយៈពេល២១ថ្ងៃ នៅទូទាំងតំបន់ព្រំដែនរវាងអ៉ីស្រាអែល និងលីបង់ ដើម្បីទុកឱកាសសម្រាប់កិច្ចប្រឹងប្រែងផ្នែកការទូត ឆ្ពោះទៅរកការសម្រេចបាននូវដំណោះស្រាយការទូតមួយយ៉ាងពេញ លេញ»។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹង ការអំពាវនាវឱ្យមានបទឈប់បាញ់ ខាងអ៉ីស្រាអែលបាននិយាយថាខ្លួនស្វាគមន៍ចំពោះដំណោះស្រាយការទូតស្ដីពីប្រទេសលីបង់ ប៉ុន្តែមិនបាននិយាយថាតើខ្លួន មានការប្ដេជ្ញាចិត្តអនុញ្ញាត ឬទទួលយកបទឈប់បាញ់ដែរ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែសន្យាថានឹងបន្តដើរតាមគោលដៅរបស់ខ្លួនដើម្បីធ្វើឱ្យសមត្ថភាពរបស់ហេសបូឡា ចុះខ្សោយ៕