សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនក្រុមចោរប្លន់៣នាក់
ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, និងកម្លាំងខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធ ករណីប្លន់ ដោយប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៥ព្រឹក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣នាក់ទី១.ឈ្មោះ គីម គឹមឡេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី២ឈ្មោះ តក់ សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣ ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ពួកគេបានប្រព្រឹត្តបទល្មើស ករណីទី១ (ប្រើកាំបិតតបុ័ងតោ និងមួកសុវត្ថិភាពវាយប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៥នាទី ត្រង់ចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ករណីទី២ប្រើកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី ត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យនិងមានការសម្របសម្រួលពីលោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យនិងអនុវត្តតាមផ្លូវច្បាប់៕