ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលស្រុកទឹកឈូ បានជួបជុំវេចនំអន្សមខ្មែរ ដើម្បីអភិរក្ស វប្បធម៌ជាតិ ក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ

35

កំពត៖ ដើម្បីអភិរក្ស វប្បធម៌ជាតិ ក៏ដូចជាអបអរ
ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលស្រុកទឹកឈូ បានមកជួបជុំគ្នាវេចនំអន្សមខ្មែរ ដែលពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកផ្ទាល់ ។
លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានលើកឡើងថា៖ នេះជាការផ្ដួច ផ្ដើមពីគំនិតរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានសាបព្រោះនូវវប្បធម៌ជួបជុំ ពលរដ្ឋ មន្ត្រីរាជការ យុវជន វេចនំអន្សមខ្មែរ ដើម្បីថែវប្បធម៌ជាតិនាពេលកន្លងមក។
ប្រជាពលរដ្ឋដែលមានអាជីព ជាអ្នកវេចនំអន្សម ជាច្រើននាក់ រស់នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងការមកចូលរួមជួយវេចនំ និងបង្រៀនដល់ក្មេងៗជំនាន់ក្រោយផងដែរ ព្រោះថាក្មេងស្រីៗឥឡូវ ភាគច្រើនមិនចេះវេចនំអន្សមនោះឡើយ។
ក្រុមយុវជនស្រុកទឹកឈូ បានលើកឡើងថា ពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិ ជាឱកាសល្អសម្រាប់ពួកគេ បានមកជួបគ្នា ស្គាល់គ្នា រៀនវេចនំអន្សមជាមួយគ្នា ពិសេសបានបង្កើនភាពស្និទស្នាលជាមួយមន្ត្រីរាជការសាលាស្រុកទៀតផង ហើយពួកគេបានអគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ និងសម្តេចធីបតី ដែលបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ។
     លោកស្រី តាន់ គឹមហុង ប្រធានកិត្តិយស អនុសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកទឹកឈូ តំណាងឲ្យស្វាមីដែលជាអភិបាលស្រុក បានបញ្ជាក់ដែរថា ការរៀបចំពិធីវេចនំអន្សមខ្មែរ ថែវប្បធម្មជាតិនេះឡើង ដើម្បីឲ្យក្មេងៗជំនាន់ក្រោយ មានឱកាសរៀនវេចនំ ជាមួយបងប្អូន មីងមា ចាស់ទុំក្នុងស្រុក  បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងចូលរួមថែរក្សាប្រពៃណី វេច នំសន្សមខ្មែរ សម្រាប់ពិធីបុណ្យភ្ជុំ។
សម្រាប់ពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិនៅស្រុកទឹកឈូ វេចនំអស្សមចេក និងអន្សមជ្រូកបានជាង ៥០០នំ ហើយការវេចនំអន្សមនេះសម្រាប់ហូបជុំគ្នានៅសាលាស្រុកទឹកឈូ និងមួយចំនួនទៀតសម្រាប់យកទៅប្រគេនព្រះសង្ឃក្នុងទីវត្តអារាមនានា៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង