ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបង្ហាញបំណងចង់បាន ទំនាក់ទំនងប្រសើរឡើងជាមួយទីក្រុងតូក្យូ ក្រោយបក្សកាន់អំណាចជប៉ុន ទទួលបានមេដឹកនាំថ្មី

43

ក្រុងប៉េកាំង៖នៅថ្ងៃសុក្រនេះ ចិនបានចេញមុខនិយាយថា ខ្លួនចង់ធ្វើឱ្យទំនាក់ទំនងមានភាពប្រសើរឡើងជាងមុនជាមួយជប៉ុន បន្ទាប់ពីគណបក្សកាន់អំណាចនៅជប៉ុន ទើបតែបានបោះឆ្នោតជ្រើសរើស អតីតរដ្ឋមន្រ្តីការពារជាតិ លោក Shigeru Ishiba ជាប្រធានបក្សថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា «ការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាព និងចក្ខុវិស័យវែងឆ្ងាយ នៃទំនាក់ទំនងចិន-ជប៉ុន បម្រើដល់ផលប្រយោជន៍ស្នូល របស់ប្រជាជននៃប្រទេសទាំងពីរ ហើយវាគឺជា ជម្រើសដែលសមស្របតែគត់មួយ»។
លោក Lin បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងតូក្យូនឹងប្រកាន់យកទស្សនៈត្រឹមត្រូវមិនល្អៀងចំពោះចិន ហើយអនុវត្តគោលនយោបាយ ដែលវិជ្ជមាននិងសមហេតុសមផលមកលើទីក្រុងប៉េកាំង។ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ជប៉ុនគួរតែធ្វើការជាមួយចិន ដើម្បីធានានូវការអភិវឌ្ឍដែលមានស្ថិរភាព ល្អប្រសើរ និងនិរន្តរភាព នៃទំនាក់ទំនងចិន-ជប៉ុន ហើយស្ថិតនៅលើ គន្លងផ្លូវត្រឹមត្រូវ។
គួរបញ្ជាក់ថា លោក Ishiba បានយកឈ្នះរដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ចជប៉ុន លោកស្រី Sanae Takaichi ជាមួយសំឡេង ២១៥ ទល់នឹង១៩៤ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP។ ដោយសារគណបក្សនេះ គ្រប់គ្រងសំឡេងភាគច្រើនក្នុងសភា រូបលោកត្រូវបានធានារួចស្រេចថា នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោក Fumio Kishida ក្នុងការបោះឆ្នោតនៅសភា ដែលគ្រោងធ្វើឡើងនាថ្ងៃទី១ ខែតុលា។ លោក Kishida បានប្រកាសពីបំណងលាលែងចេញពីតំណែង កាលពីខែសីហា។ លោក Ishiba ទំនងជានឹងធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារ ដ្បិតលោកប្រកាន់ ជំហរ ពង្រឹងសមត្ថភាពវិស័យការពារជាតិជប៉ុន និងអំពាវនាវឱ្យមានការបង្កើតបក្សសម្ព័ន្ធយោធា ស្រដៀងនឹង NATO នៅអាស៉ី៕

អត្ថបទដែលជាប់ទាក់ទង