ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

46

ភ្នំពេញ៖តបតាមការយាងរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ស្រី ណូវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។

ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជា ការបង្កើតការងារសម្រាប់យុវជន ក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។

គោលបំណងមួយនៃ កិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាស ដែលមានលក្ខណៈអំណោយផល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹងលោកប្រធានាធិបតី Macron និងលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

នៅក្នុងអំឡុងពេល ដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគី ជាមួយនឹង លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំង៕

អត្ថបទដែលជាប់ទាក់ទង