ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីយចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប្រទេសបារាំង

39

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹកនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា សព្វព្រះរាជហឫទ័យបានយាងចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅកាន់ទៅប្រទេសបារាំង។

ព្រះរាជដំណើររបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងនាពេលនេះ ធ្វើឡើងតបតាមការយាងរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នឹងធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង»។ តាមរយៈកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ គោលបំណងមួយនៃ កិច្ចប្រជុំកំពូល នេះ គឺបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាព នៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងយាងថ្លែងព្រះរាជសុន្ទរកថា បិទ កិច្ចប្រជុំ ជាមួយលោកប្រធានាធិបតីបារាំង និងលោកស្រីអ័គ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

នៅក្នុងអំឡុងពេលគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹង ព្រះ រាជ ទាន ព្រះរាជសវនាការទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងបារាំងផងដែរ។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ ជីវិត លើត្បូងយាងចូលរួមកិច្ចប្រជុំនេះ រួមមានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះ បរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក ក្រុម ប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។

អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។

អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។

ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល ហ្វ្រង់ កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។

អង្គការ OIF មានបេសកកម្មចម្បងៗចំនួន៤រួមមាន៖
-លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។
-លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
-គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ
-កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ដែរថា ពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំងត្រូវបានវាយតម្លៃថាមានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង។

កម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះនៅឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង