ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចូ បៃដិន៖ សហរដ្ឋអាមេរិក គាំទ្រអ៉ីស្រាអែលពេញទំហឹង ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់, កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ថា៩០ភាគរយនៃមីស៊ីលរបស់ខ្លួនបានវាយប្រហារចំគោលដៅ

36

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី១ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញមុខបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងរបស់ សហរដ្ឋអាមេរិកចំពោះអ៉ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់ដែលលោកចាត់ទុកថាបរាជ័យ និងគ្មានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមលោក បៃដិន លោកផ្ទាល់នឹងបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ថាតើត្រូវសងសឹកអ៉ីរ៉ង់វិញយ៉ាងដូចម្ដេច? ថ្លែង ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារនេះហាក់ដូចជាបរាជ័យ និងគ្មានប្រសិទ្ធភាព ហើយនេះជា ភស្តុតាងមួយបង្ហាញពីសមត្ថភាពយោធារបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិក។សហរដ្ឋអាមេរិកនឹងការពារគាំទ្រអ៉ីស្រាអែលពេញទំហឹង»

ប៉ុន្តែនៅពេលត្រូវបានសាកសួរថាតើអ្វីទៅជាចម្លើយតបទៅអ៉ីរ៉ង់? លោក បៃដិន បានឆ្លើយថាអ្វីៗកំពុងស្ថិតក្រោមកិច្ចពិភាក្សានៅឡើយ ហើយថាលោកនឹងជជែកគ្នា ដោយផ្ទាល់ជាមួយលោក Netanyahu។

គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល អ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគ១៨០គ្រាប់ ចូលក្នុងទឹកដីអ៉ីស្រាអែល ហើយភាគច្រើននៃមីស៊ីលទាំងអស់នេះត្រូវបានស្ទាក់ បំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ខណៈកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ក៏បានជួយបាញ់ស្ទាក់បំផ្លាញមីស៊ីលរាប់សិបគ្រាប់របស់អ៉ីរ៉ង់ផងដែរ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នៅលើទឹកដីអ៉ីស្រាអែល នៅឡើយទេ។

ខាងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញ បានអះអាងថា៩០ភាគរយនៃមីស៊ីលរបស់ខ្លួនបានវាយប្រហារចំគោលដៅ ហើយថាខ្លួនក៏បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Fattah ជាលើកដំបូងផងដែរនៅក្នុងការវាយប្រហារលើអ៉ីស្រាអែល ដើម្បីជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់មេដឹកនាំហាម៉ាសលោក Ismail Haniyeh មេដឹកនាំហេសបូឡា លោក Hassan Nasrallah និងមេបញ្ជាការអ៉ីរ៉ង់ លោក Nilforoshan ដែលសុទ្ធតែត្រូវបានអ៉ីស្រាអែលសម្លាប់៕

អត្ថបទដែលជាប់ទាក់ទង