ឯកឧត្តមអភិបាលរាជធានីភ្នំពេញសុំយកគម្រោង”ភូមិ១៥នាទី”ពីទីក្រុងប៉ារីសមកសាកល្បងអភិវឌ្ឍន៌នៅរាជធានីភ្នំពេញ ក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងអាចមានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋ
ក្រុងប៉ារីស៖៖ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនោះលោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសិន្នីសិទ AIMF និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ AIMF។
យោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនៅព្រឹកថ្ងៃទី៣តុលា២០២៤នេះថា៖ក្នុងឱកាសនៃជំនួបសម្តែងការគួរសមខាងលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន៖ បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។ល។
លោកជំទាវបានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖បញ្ហាចរាចរណ៍ទីក្រុងប៉ារីសបានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីងលើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។
អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហាបរិស្ថាន៖ ការសម្អាតទន្លេសែន (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីសបានលើកឡើងថា៖ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការហូរចូលលាយឡំទឹកភ្លៀង និងទឹកស្អុយ នៅពេលមានធ្លាក់ភ្លៀងខ្លាំង។
ក្នុងជំនួបនេះផងដែរ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានអញ្ជេីញឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងគណៈប្រតិភូដេីម្បីអញ្ជើញទស្សនាផ្ទាល់នៅស្ថានីយរថភ្លេីង Tramway ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ ហេីយឯកឧត្ដមអភិបាលក៏បានឯកភាពលេីការអញ្ជើញនេះដែរ។
ជាមួយគ្នានេះ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី” នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថាជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានសម្តែងការចាប់អារម្មណ៍ពីសារៈសំខាន់នៃគម្រោងនេះ ហេីយឯកឧត្ដមបានស្នេីសុំលោកជំទាវអភិបាលក្រុងប៉ារីសដេីម្បីយកគំរូនៃគម្រោងនេះ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញ ក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងអាចមានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីងផងដែរ។
ជារួម ភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឲ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា៖កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង៕