ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមអភិបាលរាជធានីភ្នំពេញសុំយកគម្រោង”ភូមិ១៥នាទី​”​ពីទីក្រុងប៉ារីសមកសាកល្បងអភិវឌ្ឍន៌នៅរាជធានីភ្នំពេញ​ ក្នុង​ការ​ផ្តល់​ភាព​ងាយស្រួលដល់ការរស់នៅ​ និងអាច​មានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅជាប្រចាំរបស់​ប្រជាពលរដ្ឋ​

67

ក្រុងប៉ារីស៖៖ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានអញ្ជើញជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួ​យលោកជំទាវ​ អាន​ អ៊ីដាល់ហ្គោ​ (Anne HIDALGO) អភិបាលក្រុងប៉ារីស​ និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងនៅរដ្ឋ​ធានី​ប៉ារីស​ ប្រទេស​បារាំង​ នាព្រឹក​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ២០២៤​។

ក្នុងជំនួបនោះលោកជំទាវ អាន​ អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស​ និង​ជា​ប្រធាន​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រេីប្រាស់​ភាសា​បារាំង​ AIMF បានសម្តែង​ការ​ស្វាគមន៍​ និង​ថ្លែងអំណរគុណឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃ​គណ:អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសិន្នីសិទ AIMF និងកិច្ច​ប្រជុំ​ការិយាល័យអចិន្ត្រៃយ៍ AIMF។

យោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនៅព្រឹកថ្ងៃទី៣តុលា២០២៤នេះថា៖ក្នុងឱកាសនៃជំនួបសម្តែងការគួរសមខាងលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន​៖ បញ្ហាកកស្ទះចរាចរណ៍​ និងបញ្ហាបរិស្ថាន។ល។

លោកជំទាវបានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖បញ្ហា​ចរាចរណ៍​ទីក្រុងប៉ារីសបានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីង​លើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។

    អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហា​បរិស្ថាន៖​ ការសម្អាតទន្លេសែន​ (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោកជំទាវ អាន​ អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស​បានលើកឡើងថា៖ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការ​ហូរចូល​លាយឡំ​ទឹក​ភ្លៀង​ និង​ទឹក​ស្អុយ​ នៅពេលមានធ្លាក់ភ្លៀងខ្លាំង។

ក្នុងជំនួបនេះ​ផងដែរ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានអញ្ជេីញឯកឧត្ដមឃួង ស្រេង អភិបាល​រាជធានីភ្នំពេញនិងគណៈប្រតិភូដេីម្បី​​អញ្ជើញ​ទស្សនា​ផ្ទាល់​នៅស្ថានីយរថភ្លេីង​ Tramway ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ​ ហេីយ​ឯកឧត្ដម​អភិបាល​ក៏បាន​ឯកភាព​លេីការ​អញ្ជើញ​នេះ​ដែរ។

ជាមួយ​គ្នា​នេះ​ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី​”​ នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស​ ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន​ តំបន់ពាណិជ្ជកម្ម​ មន្ទីរពេទ្យ​ កន្លែងវប្បធម៌ផ្សេងៗ​។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថាជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តម​ឃួង ស្រេង អភិបាល​នៃ​គណ:អភិបាល​រាជធានីភ្នំពេញ​បាន​សម្តែង​ការ​ចាប់​អារម្មណ៍​ពី​សារៈសំខាន់​នៃ​គម្រោង​នេះ​ ហេីយ​ឯកឧត្ដម​បានស្នេីសុំលោកជំទាវអភិបាលក្រុងប៉ារីសដេីម្បីយក​គំរូនៃ​គម្រោង​នេះ​ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញ​ ក្នុង​ការ​ផ្តល់​ភាព​ងាយស្រួលដល់ការរស់នៅ​ និងអាច​មានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅជាប្រចាំរបស់​ប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញកាន់តែ​ប្រសេីរ​ឡេីង​ផងដែរ។

ជារួម ភាគីទាំងពីរ​ បានបង្ហាញនូវ​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

គួរបញ្ជាក់ថា៖កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង៕

អត្ថបទដែលជាប់ទាក់ទង