ឯកឧត្តមអភិបាលរាជធានីភ្នំពេញថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញតាមរយៈគម្រោងនានាកន្លងមក
ក្រុងប៉ារីសកាលពីព្រលប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង(AIMF)។
យោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនាព្រឹកថ្ងៃទី៣តុលា២០២៤នេះថា៖ក្នុងជំនួបនោះលោកអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង របស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាពេលនេះ។ ជាមួយគ្នានេះដែរ លោកក៏បានលេីកឡេីងអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្របដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញនិងស្វែងយល់បន្ថែមលេីគម្រោងពីមុនរវាងរដ្ឋបាលរាជធានីភ្នំពេញ និងAIMF។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអគ្គប្រតិភូក៏បានអញ្ជើញឯកឧត្ដមអភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី ១០៣ នៅទីក្រុងវ៉េ Hué សាធារណរដ្ឋសង្គមនិយមវៀតណាមនៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ជាកិច្ចឆ្លេីយតប ជាដំបូង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានសម្តែងការអបអរសាទរចំពោះលោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។ ឯកឧត្តមអភិបាលរាជធានីក៏បានថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញតាមរយៈគម្រោងនានាកន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញបន្តជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងគាំទ្រជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ។
លោកស្រីបញ្ជាក់ទៀតថា៖ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉េ ប្រទេសវៀតណាមឯកឧត្ដមអភិបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង៕