អ៊ីរ៉ង់ថ្កោលទោសសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ថា «លំអៀង» និង «គ្មានការទទួលខុសត្រូវ»
តេអេរ៉ង់៖ អ៊ីរ៉ង់បានច្រានចោលការថ្កោលទោសរបស់ក្រុមប្រទេស G7 ចំពោះការវាយប្រហារដោយមីស៊ីលរបស់ខ្លួនលើអ៊ីស្រាអែល ដោយចាត់ទុកថាវា «មានភាពលំអៀង និងគ្មានការទទួលខុសត្រូវ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ប្រទេស G7 ជាពិសេសសហរដ្ឋអាមេរិក គឺជាអ្នកទទួលខុសត្រូវចំពោះអសន្តិសុខ និងអស្ថិរភាពនៅមជ្ឈិមបូព៌ា ដោយសារតែការផ្គត់ផ្គង់អាវុធ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយរបស់ពួកគេ។
ការថ្លែងនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាង ១៨០ គ្រាប់ ទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា និងការឈ្លានពាននៅហ្គាហ្សា និងលីបង់។ អ៊ីរ៉ង់ក៏បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូទ្រីស បន្ទាប់ពីប្រទេសទាំងពីរនេះបានកោះហៅតំណាងរបស់អ៊ីរ៉ង់ ដើម្បីថ្កោលទោសការវាយប្រហារដោយមីស៊ីល។
អ៊ីរ៉ង់បានអះអាងថា ប្រសិនបើប្រទេសនៅអឺរ៉ុបបានចាត់វិធានការទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ជំនួយដល់អ៊ីស្រាអែល នោះវានឹងកាត់បន្ថយអំពើហិង្សា និងការស្លាប់នៅក្នុងតំបន់។ អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងបានបង្កឱ្យមានសោកនាដកម្មនៅមជ្ឈិមបូព៌ា។
ក្រុមប្រទេស G7 បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិនៅមជ្ឈិមបូព៌ា ប៉ុន្តែបាននិយាយថា ដំណោះស្រាយការទូតនៅតែអាចដំណើរការបាន។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានច្រានចោលសេចក្តីថ្លែងការណ៍នេះ ដោយចាត់ទុកថាវាជាការលំអៀង និងមិនទទួលខុសត្រូវ៕