ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីផ្ទេរតំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃសហរដ្ឋម៉ិកស៊ិក

36

ភ្នំពេញ៖តបតាមការអញ្ជើញរបស់សហរដ្ឋម៉ិកស៊ិក និងដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន៣រូប អមដោយមន្រ្តីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ចំនួន២រូប ចូលរួមក្នុងពិធីផ្ទេរតំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីនៃសហរដ្ឋម៉ិកស៊ិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។
ពិធីនេះមានការចូលរួមពីបណ្តាប្រទេសចំនួន១០៥ ដែលសមាសភាពជាប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានគណៈប្រតិភូ នៃបណ្តាប្រទេសនៅអាមេរិកឡាទីន មជ្ឈឹមបូព៌ា ការ៉ាបៀន អាហ្រ្វិក និងអាស៊ី ព្រមទាំងលោកជំទាវទី១ សហរដ្ឋអាមេរិក តំណាងព្រឹទ្ធសភាកាណាដា តំណាងជាន់ខ្ពស់សហគមអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស អនុប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍សភា សាធារណរដ្ឋប្រជាមានិតចិន អង្គការអន្តរជាតិចំនួន២៣ និងអង្គទូតនៃបណ្តាប្រទេសនានា។
ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវប្រធានាធិបតី នូវព្រះរាជបន្ទូលរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ចូលរួមសម្តែងនូវអំណរសាទររបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ជូនចំពោះលោកជំទាវប្រធានាធិបតី ក្នុងឱកាសដែលលោកជំទាវទទួលតំណែងថ្មីជាប្រធានាធិបតី ព្រមទាំងជូនពរលោកជំទាវប្រធានាធិបតី ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មដឹកនាំប្រទេសជាតិ ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជននៃសហរដ្ឋម៉ិកស៊ិក។
ទន្ទឹមនោះ លោកជំទាវប្រធានាធិបតីថ្មី នៃសហរដ្ឋម៉ិកស៊ិក បានថ្លែងអំណរគុណដល់ព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់តំណាងមកចូលរួមក្នុងពិធីដោយផ្ទាល់នាឱកាសនោះ៕

អត្ថបទដែលជាប់ទាក់ទង