រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមសន្និបាតប្រចាំឆ្នាំ BIE ដើម្បីតាមដានវឌ្ឍនភាពការងារពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក
(ប៉ារីស)៖ តបតាមការអញ្ជើញរបស់ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និបាតប្រចាំឆ្នាំ លើកទី១៦៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង ដើម្បីតាមដានវឌ្ឍនភាពការងារពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ BIE សន្និបាតឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Vicente G. Loscertales អគ្គលេខាធិការនៃការិយាល័យ BIE និងមានការចូលរួមពីប្រមុខរដ្ឋ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អង្គទូត និងមន្រ្តីជាន់ខ្ពស់ ដែលជាសមាជិក-សមាជិកា BIE តំណាងឱ្យប្រទេសចំនួន ១៧០ នៅក្នុងនោះ ក៏មានឯកឧត្តមអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងប៉ារីស ផងដែរ។
សម្រាប់ថ្ងៃទី១ អង្គសន្និបាត នឹងធ្វើការពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ប្រជុំរបស់គណៈកម្មការទាំងបួន នៃការិយាល័យ BIE ព្រមទាំងវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេសពិព័រណ៍ “International Horticultural Exhibition 2019” នៅទីក្រុងប៉េកាំង និងពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ ដែលកម្ពុជា បានកំពុងត្រៀមលក្ខណៈចូលរួមផងដែរ។
សម្រាប់ថ្ងៃទី២ អង្គសន្និបាត នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រទេសសមាជិកណាមួយ ដើម្បីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ពិភពលោកឆ្នាំ២០២៥” ហើយនៅក្នុងថ្ងៃនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នឹងអញ្ជើញធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចុចប៉ូតុងបោះឆ្នោត សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នោះ។
តាមរយៈការចូលរួមសន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៤ គេរំពឹងថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជាសមាជិកទាំងអស់ នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែប្រសើរឡើងថែមទៀត នៅលើវិស័យអទិភាពសំខាន់ៗ រាប់ចាប់តាំងពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។