ព្រះមហាក្សត្រយាងត្រឡប់មកដល់កម្ពុជាវិញហើយក្រោយចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩នៅប្រទេសបារាំង
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រោយយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ បានធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» ដែលជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជន ក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ កិច្ចប្រជុំកំពូល នេះ មានគោលបំណងបង្កើតបរិយាកាស ដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាព នៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។
ក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅវិមាន Grand Palais នាទីទីក្រុងប៉ារីស លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសជាផ្លូវការនូវការផ្តល់សិទ្ធិជូនកម្ពុជា។ ជាមួយការប្រកាសនេះ ក៏មានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនោះ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតីបារាំង ក៏មានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជាជាប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ បន្ទាប់មក ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានយាងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ដែលព្រះអង្គមានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសរសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។
ព្រះអង្គក៏មានព្រះរាជបន្ទូលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។
អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។
អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។
ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល ហ្វ្រង់ កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។
អង្គការ OIF មានបេសកកម្មចម្បងៗចំនួន៤រួមមាន៖
-លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។
-លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
-គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ
-កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ដែរថា ពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំងត្រូវបានវាយតម្លៃថាមានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង៕