ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ចុះឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុង Davao

34

ម៉ានីល៖អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ កាលពីថ្ងៃចន្ទ ទី៧ ខែតុលា បានចុះឈ្មោះជាបេក្ខជនជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែងជ្រើសរើសចៅហ្វាយក្រុង នៃទីក្រុង Davao ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនចៅហ្វាយក្រុងរបស់លោក ឌូតើតេ ធ្វើឡើងចំពេលដែលគ្រួសាររបស់លោក កំពុងមានជម្លោះជាសាធារណៈជាមួយគ្រួសាររបស់ប្រធានាធិបតីហ្វីលីពីន សព្វថ្ងៃ គឺលោក Ferdinand Marcos នៅមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៨។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយដាក់ឯកសារចុះឈ្មោះក្នុងទីក្រុង Davao អតីតប្រធានាធិបតីហ្វីលីពីនវ័យ៧៩ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំចង់ធ្វើការបម្រើអ្នកទាំងអស់គ្នា»។ លោក ឌូតើតេ ក៏បានសន្យាដែរថានឹងធ្វើទីក្រុង Davao នឹងកាន់តែ មានភាពរីកចម្រើន។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន ដៃគូឈរឈ្មោះជាមួយលោក ឌូតើតេ អាចជាកូនប្រុសរបស់លោកដែលសព្វថ្ងៃ ជាចៅហ្វាយក្រុង Davao លោក Sebastian Duterte។ ការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនចៅហ្វាយក្រុងរបស់លោក ឌូតើតេ ត្រូវបានគេមើលឃើញថាមានចេតនាស្វែងរកការគាំទ្រសម្រាប់កូនស្រីរបស់លោក គឺលោកស្រី Sara Duterte ដែលកំពុងកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីន ហើយត្រូវបានរំពឹងថានឹងឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតី នៅឆ្នាំ២០២៨៕

អត្ថបទដែលជាប់ទាក់ទង