ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដចូលរួមជាមួយក្រសួងអប់រំ ដើម្បីគាំទ្រដល់កំណែទម្រង់នៃការប្រឡងបាក់ឌុប «អ្នកចេះ គឺជាប់»

34

ភ្នំពេញ៖អស់រយៈពេល ១០ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤នេះ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយឈរលើមូលដ្ឋានគ្រឹះសំខាន់គឺ «អ្នកចេះ គឺជាប់» និងធានាបាននូវគុណភាពនៃការអប់រំ។
ត្បិត ១០ឆ្នាំកន្លងផុតទៅក៏ពិតមែន ប៉ុន្ដែការបន្ដចូលរួមគាំទ្រដល់កំណែទម្រង់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មិនបញ្ចប់នោះឡើយ ពោលសហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដចូលរួមចំណែកតាមគ្រប់រូបភាព ជាមួយក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមការអះអាងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នាឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៉ីសុវត្ថិ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់អំពីអ្វីដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក ក្នុងនោះរួមមាន រៀបចំវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២, សហការរៀបចំប្រព័ន្ធសិក្សាតាមអនឡាញ, ចូលរួមសង្កេតការណ៍ប្រឡង និងចូលរួមរៀបចំការផ្ញើមធ្យោបាយរបស់បេក្ខជនប្រឡងប្រកបដោយសុវត្ថិភាព។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ឱកាសឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកតាមគ្រប់រូបភាព ដើម្បីធ្វើយ៉ាងណាសម្រួលដល់បេក្ខជនដែលត្រៀមប្រឡង និងក្នុងថ្ងៃប្រឡងមានអារម្មណ៍ស្ងប់ល្អ។ លោកសង្កត់ធ្ងន់ថា គោលដៅចុងក្រោយ គឺចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាដើម្បីមានភាពរីកចម្រើន និងសមត្ថភាពរបស់ធនធានមនុស្សកម្ពុជា។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។
វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។
គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩ ៧៦០ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៣ ៩៣៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៥ ៨២៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៨ ៧២៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ៦១៨នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ១៨ ១០៦ នាក់។ ដំណើរការកំណែ មានចំនួន ១០ ៣១៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ២ ៥៩៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ៧ ៧២១ នាក់៕

អត្ថបទដែលជាប់ទាក់ទង