ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី

44

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ចំពោះមរណភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ, អនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយ និងសង្វេគយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ, អនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើតខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងរក្សាសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងក្នុងការ អភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យបានរីកចម្រើនមកដល់សព្វថ្ងៃ ព្រមទាំងចូលរួមចំណែកលើកតម្កើងកិត្យានុភាពនៃ កងកម្លាំងមួកខៀវកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។
ទោះបីរូបកាយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបាត់បង់ទៅពិតមែន តែកុសលកម្ម កិត្តិយស សេចក្តីថ្លៃថ្នូររបស់ ឯកឧត្តមនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ត លោកជំទាវ កូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង