ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ជួបពិភាក្សាប្រជុំទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីឡាវ,បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

43

ឡាវ៖គ្រាន់តែដាក់ជើងជាន់ដីឡាវភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាលើកិច្ចការផ្សេងៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងឡាវ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឡាវ។
ក្នុងជំនួបកម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំទ្វេភាគីរវាងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោក សនសៃ ស៊ីផានដន នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរ បានបង្ហាញការពេញចិត្ត និងវាយរម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចមហាបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានកោតសរសេីរ និង វាយតម្លៃ ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបាន សម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់លោកនាយករដ្ឋមន្ត្រី និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។
សម្ដេចបវរធិបតី និងលោកនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅឆ្នាំ២០១៩។
ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ និង សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ និង ការកសាងហេដ្ឋារចនា សម្ព័ន្ធ តភ្ជាប់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង