ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ស្នើឱ្យឯកអគ្គរដ្ឋទូតប្រទេសវៀតណាម ប្រចាំអង្គការសហប្រជាជាតិ ចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

43

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើឱ្យឯកអគ្គរដ្ឋទូតប្រទេសវៀតណាម ប្រចាំអង្គការសហប្រជាជាតិ បុរីញូយ៉ក សហរដ្ឋអាមេរិក
ចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ។
ឯកឧត្ដម បានស្នើបែបនេះ ក្នុងកិច្ចជំនួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Dang Hoang Giang ឯកអគ្គរដ្ឋទូតប្រទេសវៀតណាម ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាម អនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តឱ្យប្រទេសវៀតណាមពិចារណា និងបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា ព្រមទាំងបានអញ្ជើញប្រទេសវៀតណាម ចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។
ឯកឧត្តម Dang Hoang Giang បានសម្តែងនូវការអបអរសាទរ និងសរសើរចំពោះភាពជាអ្នកដឹកនាំ និងការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយវៀត ណាម រីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ផងដែរ ។
ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា ឯកឧត្តម Dang Hoang Giang បានបញ្ជាក់ថា៖ វៀតណាម អាចនឹងក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា នាពេលអនាគត ហើយសំណើរបស់កម្ពុជា ឯកឧត្តម នឹងបញ្ជូនសំណើទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យពិចារណា និងបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យពិនិត្យលទ្ធភាពបញ្ជូនគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ខាងមុខ។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតវៀតណាម បានស្នើសុំឱ្យមានការគាំទ្រជំនួយបច្ចេកទេសពីកម្ពុជា និងអនុសញ្ញាអូតាវ៉ាលើការ៖ ទី១.យល់ដឹងជាសាធារណៈអំពីអនុសញ្ញាអូតាវ៉ា តាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាល និងទី២.ការកសាងសមត្ថភាពសម្រាប់ការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ប្រឆាំងមនុស្ស ៕ . ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង