ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម សុខ ពេញវុធ ៖រដ្ឋបាលរាជធានី បានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមមណ្ឌលប្រឡងទូទាំង រាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ

54

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមមណ្ឌលប្រឡងទូទាំង រាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ។
ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិន្ទឆ្នាំ២០២៤នេះ មន្រ្តីជំនាញគ្រប់ផ្នែកនៃរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមបំពេញការងារយ៉ាងសកម្មតាមរយៈការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅមណ្ឌលប្រឡងបានយ៉ាងល្អប្រសើរ មានរបៀបរៀបរយ ដែលបានធ្វើឱ្យដំណើរការប្រឡងប្រព្រឹត្តិទៅ ដោយរលូនតាមផែនការដែលបានគ្រោងទុក។
នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ខណៈឯកឧត្ដមបានអញ្ជើញជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព
ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលរាជធានីភ្នំពេញ។
ឯកឧត្ដម សុខ ពេញវុធ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លំាងនៅតាមបណ្តាខណ្ឌទាំងង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡងនាថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានយ៉ាងល្អ បើទោះបីមានបេក្ខជនមួយចំនួន មានបញ្ហាសុខភាពរហូតដល់១៩២នាក់ក៏ដោយ ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្រធ្វើការសង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងបានយ៉ាងល្អ។
ឯកឧត្ដមបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញគ្មានករណីយកលុយ ការផ្ញើរកងម៉ូតូ រថយន្ត ពីបេក្ខជនប្រឡងនិងអាណាព្យាបាល សិស្សឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញបានផ្គត់ផ្គង់ថវិកាក្នុង១មណ្ឌលប្រឡងចំនួន១លានរៀលរួចហើយ។
ឯកឧត្ដម សុខ ពេញវុធបានបន្ថែមថា ដោយមានករណីភ្លៀងខ្លំាងៗជាប់គ្នានៅមុនថ្ងៃប្រឡង និងថ្ងៃប្រឡង កងកម្លំាង អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញក៏បានដោះស្រាយបញ្ហាភ្លាមៗ ដោយបានបូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹកដោយទឹកភ្លៀងចំនួន៤មណ្ឌលបានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡងរបស់សិស្សានុសិស្ស។
ឯកឧត្ដមបានបន្តថា ក្រោមការ ចង្អុរបង្ហាញពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញជុំវិញដំណើរការប្រឡងឌុបនៅរាជធានីភ្នំពេញនេះ បានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរពីប្រធានមណ្ឌលប្រឡង ពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា តំណាងអង្គភាពប្រឆំាងអំពើពុករលួយ ពិសេសពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្ស។
ឯកឧត្តម សុខ ពេញវុធក៏បានឱ្យដឹងទៀតថា ក្នុងខែកញ្ញាឆ្នាំ ២០២៤កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានការងារជោគជ័យជាច្រើន ហើយរទទួលការសារទរ ពីប្រជាពលរដ្ឋ ដូចជា ការៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាស បុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈបានល្អប្រសើរ និងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយពុំមានបញ្ហា បទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ ដែលធ្វើឱ្យពុទ្ធបរិស័ទបានទៅធ្វើបុណ្យប្រកបដោយ សទ្ធាជ្រះថ្លា និងសប្បាយរីករាយ។
ឯកឧត្តមម៉ប់ សារិន ក្នុងឱកាសនោះ បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការបំរើសេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា ភាពជោគជ័យនៃការងាររបស់របស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការកោតសរសើរ និងសាទរជាខ្លំាង ដែលបង្ហាញថា អាជ្ញាធរបានយកចិត្តទុកដាក់ជាខ្លំាងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង