ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី២៧

61

វៀងចន្ទន៍, ឡាវ៖កិច្ចប្រជុំកំពូលអាស៊ានបូក៣ គឺអាស៊ាន បូកជាមួយចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី២៧ បានចាប់ផ្តើមហើយនារសៀលថ្ងៃ ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន លោក ស៊ី្ហកេរុ អុីស៊ី្ហបា នាយករដ្ឋមន្ត្រីជប៉ុន និងលោក យូន សុកយ៉ល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខ មេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ លោក Ma’ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។
សូមបញ្ជាក់ថា កិច្ចប្រជុំអាស៊ានបូក៣ គឺជាកិច្ចប្រជុំមួយដែលធ្វើឡើងរវាងអាស៊ាន និងប្រទេសជាដៃគូចំនួន៣ ដទៃទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង។ កិច្ចប្រជុំអាស៊ានបូក៣នេះ តែងតែផ្តោតទៅ លើកិច្ចសហប្រតិបត្តិការលើវិស័យថាមពល គមនាគមន៍ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទំនាក់ទំនង។
កិច្ចសហប្រតិបត្តិការរវាងអាស៊ានបូក៣ បានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នំា១៩៩៧ ហើយបានធ្វើឱ្យទៅ ជាស្ថាប័ន នីយកម្មក្នុងឆ្នំា១៩៩៩ ដែលកាលណោះក្រុមដឹកនំាអាស៊ានបានចេញសេចក្តីថ្លែងការណ៍ រួមគ្នាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅក្នុងជំនួបកំពូលអាស៊ានបូក៣លើកទី៣នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង