លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរសិល្បៈឡាវ ទស្សនាកន្លែងតាំងពិព័រណ៍សូត្រ ជប់លៀងអាហារថ្ងៃត្រង់ និងទស្សនាពិព័រណ៍វាយនភណ្ឌឡាវ
វៀងចន្ទន៍, ឡាវ៖នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយភរិយាបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូអាស៊ាន អញ្ជើញទស្សនា សារមន្ទីរសិល្បៈឡាវ ទស្សនាកន្លែងតាំងពិព័រណ៍សូត្រ ជប់លៀងអាហារថ្ងៃត្រង់ និងទស្សនាកន្លែងតាំងពិព័រណ៍ វាយនភណ្ឌឡាវ រៀបចំដោយភរិយានាយករដ្ឋមន្ត្រីឡាវ។
វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ក៏ដូចជាលោកជំទាវជាភរិយា នៃបណ្តាមេដឹកនាំអាស៊ាន និង ប្រទេសជាដៃគូរបស់អាស៊ាន ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំឡាវ និងថ្នាក់ដឹកនាំ នៃ សារ មន្ទីរ ទាំងបី របស់ឡាវ។
ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចសារមន្ទីរទាំងនោះ លោកជំទាវបណ្ឌិត ក៏ដូចជាភរិយាមេដឹកនាំទាំងអស់ បានតាមដានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការបង្ហាញពីថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ពិសេសទាក់ទិនទៅនិង សម្បត្តិ ដ៏មានតម្លៃរបស់ប្រទេសឡាវ។
សម្រាប់ការទស្សនាពិព័រណ៍សូត្រឡាវវិញ លោកជំទាវបណ្ឌិត ក៏ដូចលោកជាភរិយាថ្នាក់ដឹកនាំទាំងអស់ បានប្រារព្វពិធីគូចដៃតាមបែបប្រពៃណីឡាវរបស់ទីកន្លែងតាំងពិព័រណ៍សូត្រឡាវ និងបានអញ្ជើញទស្សនាការ តាំង បង្ហាញ សូត្រដ៏ប្រណិតរបស់ឡាវ។ ដូចគ្នាការតាំងបង្ហាញសមិទ្ធផលជាសា្នដៃដ៏ល្អឯកនេះ បានបង្ហាញ ការ ទាក់ទាញ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភរិយាថ្នាក់ដឹកនាំទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ នានា ដែលបានមកទស្សនាប្រទេសឡាវ គឺតែងតែចូលមកទស្សនាទីកន្លែងតាំងពិព័រណ៍សូត្រនេះ។
បន្ទាប់ពីបានទស្សនកិច្ចនៅសារមន្ទីរ និងទស្សនាការតាំងពិព័រណ៍សូត្រហើយនោះ នៅវេលាថ្ងៃត្រង់ លោកស្រី Vandara Siphandone ភរិយាលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានប្រារព្វរៀបចំពិធី ពិសារអាហារថ្ងៃត្រង់ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។
ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់នោះ លោកស្រីភរិយានាយករដ្ឋមន្រ្តីឡាវ បានសម្តែងការស្វាគមន៍ និងវាយ តម្លៃ ខ្ពស់ជូនចំពោះលោកស្រីភរិយានៃបណ្តាមេដឹកនាំអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដែលបានអញ្ជើញ អមដំណើរស្វាមី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ លើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រទេសជាដៃគូ អញ្ជើញទស្សនាកន្លែងតាំងពិព័រណ៍វាយនភណ្ឌឡាវ ក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
លោកជំទាវបណ្ឌិត ក៏ដូចជាភរិយាមេដឹកនាំដទៃទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់ ពីការណែនាំរបស់ថ្នាក់ដឹកនាំនៅកន្លែងតាំងពិព័រណ៍វាយនភណ្ឌ ដែលជាទីកន្លែងមួយទទួលបានការផ្តល់តម្លៃពីស្ថាប័នអន្តរជាតិធំៗ ពីស្នាដៃនៃសម្បត្តិវាយនភណ្ឌរបស់ឡាវ។ បណ្តាសមិទ្ធផលទាំងអស់ ដែលបានដាក់បង្ហាញនៅទីកន្លែងនោះ គឺជាការរចនាឡើងប្រកបដោយសិល្បះយ៉ាងវិចិត្ររបស់ប្រជាជនឡាវ៕