អបអរសាទរ! ថ្ងៃនេះខួប២០ឆ្នាំនៃកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
ភ្នំពេញ៖អបអរសាទរ ថ្ងៃនេះខួប២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤)។
តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ បន្ទាប់ពីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងរយៈពេល២០ឆ្នាំនេះ?
មន្ត្រីជំនាញក្រសួងពាណិកម្មឱ្យដឹងថា៖បន្ទាប់ពីការចរចាជាច្រើនឆ្នាំ, កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។
កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ដូចខាងក្រោម៖
ច្រកចូលទីផ្សាសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most FavordNation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTOដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ ចំណែកការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបា ន កើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជា មានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក៕