ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក៖ អ៉ីស្រាអែល ត្រូវតែបង្ហាញថាគ្មានគោលនយោបាយបង្អត់អាហារ ក្នុងតំបន់ហ្កាហ្សា

42

យូអិន៖ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃពុធ ទី១៦ ខែតុលាថាទីក្រុងវ៉ាស៊ីនតោន កំពុងតាមឃ្លាំមើល ដើម្បីធានាថាអ៉ីស្រាអែលគ្មាន «គោលនយោបាយបង្អត់អាហារ» នៅភាគខាងជើងនៃតំបន់ហ្កាហ្សា។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស លោកស្រី Thomas-Greenfield ក៏បានបញ្ជាក់ដែរថាគោលនយោបាយបែបនេះគឺជារឿងគួរឱ្យរន្ធត់ និងមិនអាច ទទួលយកបាន ហើយនឹងត្រូវទទួលរងផលវិបាកនៅក្រោមច្បាប់អន្តរជាតិ និងច្បាប់របស់សហរដ្ឋអាមេរិក។ «រដ្ឋាភិបាលអ៉ីស្រាអែលបាននិយាយថាពួកគេមិនមាន គោលនយោបាយបែបនេះឡើយ រីឯស្បៀងអាហារ និងការផ្គត់ផ្គង់ចាំបាច់នានាក៏នឹងមិនត្រូវបានកាត់ផ្ដាច់នោះដែរ»។ នេះជាការលើកឡើងរបស់លោកស្រី Thomas-Greenfield ដោយបន្ថែមថាសហរដ្ឋអាមេរិកនឹងតាមដាន ដើម្បីធានាឱ្យបានថាសកម្មភាពរបស់អ៉ីស្រាអែលគឺស្របគ្នាទៅការអះអាងរបស់អ៉ីស្រាអែល។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាសហរដ្ឋអាមេរិកបានប្រាប់អ៉ីស្រាអែលថាត្រូវតែចាត់វិធានការនៅក្នុងរយៈពេល៣០ថ្ងៃ ដើម្បីស្ដារ ស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា បើពុំនោះទេ អាចនឹងប្រឈមមុខនឹងការកាត់បន្ថយជំនួយយោធាពីទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលជាប់ទាក់ទង