អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចលុបទិន្នន័យរថយន្ដ និងម៉ូតូ ពាក់ផ្លាកលេខនគរបាលចេញពីបញ្ជី ចំនួន១,៩៤៧គ្រឿង នៅដំណាក់កាលទី១
ភ្នំពេញ៖រថយន្ដ និងម៉ូតូពាក់ផ្លាកលេខនគរបាល ដែលចុះបញ្ជីគ្រប់គ្រងដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ចំនួន១,៩៤៧គ្រឿង ត្រូវបានលុបចេញពីបញ្ជីសម្រាប់ដំណាក់កាលទី១។ នេះបើតាមសេចក្ដីសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃតី១៧ ខែតុលា ឆ្នាំ២០២៤។
ក្នុងសេចក្ដីសម្រេចនោះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុបចំនួន១,៩៤៧គ្រឿង (រថយន្តទេសចរណ៍ ១,១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល១៦២គ្រឿង និងទោចក្រយានយន្ត៦៤៦គ្រឿង) ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ៦៦៧ន.ច.សចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាល់ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ»។
សូមជម្រាបថា ក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំជាថ្មីឲ្យពង្រឹងការគ្រប់គ្រងយានយន្ដ ដែលប្រើប្រាស់ផ្លាកលេខនគរបាល និងខេមរភូមិន្ទ ក្រោយមើលឃើញថា យានយន្ដមួយចំនួនប្រើប្រាស់ខុសពីគោលការណ៍ច្បាប់កំណត់៕