សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អះអាងថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយមួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន
ភ្នំពេញ៖ឯកឧត្ដម ឈី ឈឹងសាន (QU Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកនយោបាយមួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន។
ឯកឧត្ដម ឈី ឈឹងសាន បាន និងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្ដម ឈី ឈឹងសាន (QU Qingshan) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថា ជាការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន រវាងបក្សកុម្មុយនីស្តចិននិងគណបក្សប្រជាជនកម្ពុជា ពិសេសរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។
សម្តេចក៏បានអរគុណដែលឯកឧត្ដមនឹងធ្វើបទបង្ហាញស្តីពី«ប្រវត្តិ១០០ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិននិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន» ដើម្បីចែករំលែកដល់មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនេះ។
ក្នុងជំនួប ឯកឧត្ដម ឈី ឈឹងសាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ ឯកឧត្ដមនិងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែល ឯកឧត្ដមបំពេញទស្សនកិច្ចលើកទី១ នៅកម្ពុជា ។ ឯកឧត្ដមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបានបន្តថា សម្តេច គឺជាអ្នកនយោបាយមួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន។
ឯកឧត្ដម ឈី ឈឹងសាន បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេច កម្ពុជាអាចសម្រេចបាននូវការរីកចម្រើនសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្ដមបានលើកឡើងថាទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភាពដែកថែប ដែលយើងគួរសហការនិងអនុវត្តបន្ថែមលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលសម្តេចតេជោ និងឯកឧត្ដម ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយឆ្នាំនេះផងដែរ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្ដម ឈី ឈឹងសាន បានលើកឡើងថា ថ្វីត្បិតនេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់ឯកឧត្ដមពិតមែន ប៉ុន្តែ ឯកឧត្ដមបានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី គឺរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សេរីភាព និងការអភិវឌ្ឍលើគ្រគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយ ឯកឧត្ដមបង្ហាញក្ដីសង្ឃឹមថាកម្ពុជានឹងបន្តការរីកចម្រើនថែមទៀតនៅពេលនាអនាគត។
ឯកឧត្ដម ឈី ឈឹងសាន មានប្រសាសន៍ថា ឯកឧត្ដម ស៊ី ជីនពីង បានចាត់បញ្ជូនឯកឧត្ដមឱ្យដឹកនាំគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាជាកង្វល់រួមនិងជាប្រយោជន៍រួមរវាងបក្សនិងរដ្ឋ។ គោលចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជម្រាបនិងចែករំលែកពីសេចក្តីសម្រេចនិងសមិទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី២០ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលផ្តោតសំខាន់លើការដាក់ចេញនូវគោលដៅនិងយន្តការកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយនិងទំនើបកម្មតាមបែបចិន។
ឯកឧត្ដមបានកោតសរសើរ សម្តេច ចំពោះការចូលរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាដៃគូដ៏គួរឱ្យទុកចិត្ត។ ឯកត្ដមបានបន្តថា ចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងទៅលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិ សុខសន្តិភាព និងវិបុលភាព របស់ប្រជាជាតិទាំងមូល។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះឯកឧត្ដមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេច ទៅ ឯកឧត្ដម ស៊ី ជីនពីង វិញផង។ សម្តេចក៏បានអបអរសាទរចំពោះកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ និងការធ្វើទំនើបកម្មរបស់ចិន ហើយសម្តេចក៏បានបន្តថា គ្មានការសង្ស័យឡើយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិននិងឯកឧត្ដម ស៊ី ជីនពីង ចំពោះការរីកចម្រើនឥតឈប់ឈររបស់ប្រទេសចិន។ សម្ដេចតេជោក៏បានបន្ថែមថាផងដែរថា គ្មានការសង្ស័យទេក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន និងឯកឧត្ដមអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង ប្រទេសចិននៅតែជាប្រទេសដែលរឹងមាំហើយមិនមែនសម្រាប់តែចិនខ្លួនឯងនោះទេតែក៏សម្រាប់តំបន់ទាំងមូលផងដែរ។
សម្តេច មានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រតាំងពីសម័យចេនឡាបន្តមកដល់សម័យបច្ចុប្បន្ន ហើយកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយដែលមានរួចមកហើយ និងចាំបាច់បន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍វាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចបានសង្កត់ធ្ងន់ថា ជំនួយរបស់មិត្តចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ ដែលតម្រូវឱ្យយើងមានភាពចាំបាច់ក្នុងការជំរុញមិត្តភាពមួយនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានអរគុណមិត្តចិនដែលបានផ្តល់ជាកញ្ចប់ជំនួយដល់កម្ពុជា ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវនាពេលថ្មីៗនេះ។ សម្តេច ក៏បានលើកឡើងពីអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះទំនាក់ទំនងអាស៊ាន-ចិន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន គួរតែត្រូវបានជំរុញបន្ថែមទៀត។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យ ឯកឧត្ដមប្រធានគណៈប្រតិភូ ពាំនាំនូវការផ្ដាំផ្ញើសួរទុក្ខ និងការនឹករលឹក ជូនចំពោះឯកឧត្ដមអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយសង្ឃឹមថានឹងបានជួប ឯកឧត្ដម ស៊ី ជីនពីង នាពេលខាងមុខនេះ។ សម្ដេចតេជោ បានជូនពរ ឯកឧត្ដមឈី ឈឹងសាន និងគណៈប្រតិភូ សូមប្រកប ជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា៕