ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំហាម៉ាស Yahya Sinwar ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលលោក បៃដិន ហៅទូរស័ព្ទទៅកាន់លោក ណេតាន់យ៉ាហ៊ូ ដើម្បីអបអរសាទរ

36

បែរឡាំង៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា បាននិយាយថាលោកបានហៅទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីអបអរសាទររូបលោក ក្រោយទទួលបានដំណឹងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានធ្វើដំណើរដល់ប្រទេសអាល្លឺម៉ង់សម្រាប់ការបំពេញទស្សនកិច្ច។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានហៅទូរស័ព្ទទៅកាន់ Bibi Netanyahu ដើម្បីអបអរសាទររូបលោក ចំពោះការស្លាប់របស់ Sinwar ដែលមានបាតដៃប្រឡាក់ដោយ ឈាម»។ លោក បៃដិន បន្ថែមថាការស្លាប់របស់លោក Sinwar គឺជាឱកាសមួយដើម្បីឆ្ពោះទៅរកបទឈប់បាញ់ហ្កាហ្សា ប៉ុន្តែលោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ការស្លាប់របស់មេដឹកនាំហាម៉ាសរូបនេះ គ្រាន់តែជាការចាប់ផ្ដើមនៃទីបញ្ចប់នៃសង្រ្គាមនៅហ្កាហ្សាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំទៅរកការផ្ទុះសង្រ្គាមនៅហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៉ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃពុធកន្លងទៅ។ ភ្លាមៗក្រុមហាម៉ាសមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីទេ តែប្រភពផ្ទៃក្នុងហាម៉ាសបាននិយាយថាមានសញ្ញាពីតំបន់ហ្កាហ្សាដែលសន្មត់ថា លោក Sinwar ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយរបស់អ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង