ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ ជន់លិចច្រកទ្វារអន្តរជាតិព្រំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ

51

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលប៉ៃលិន កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជន់លិចច្រកព្រំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារនៅព្រឹកនេះបន្តទៀត។
តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ គឺក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ ហើយជាមួយគ្នានោះផងដែរ លោកជំទាវក៏បានជូនដំណឹងដល់បងប្អូនពលរដ្ឋជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ជើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ នៅព្រឹកស្អែកវេលាម៉ោង៨ បញ្ជាក់ម៉ូតូដែលក្រុមការងារសង្គ្រោះរក្សាទុកជូនមានចំនួន ៣៤គ្រឿង ដោយនៅបាត់ម៉ូតូមួយចំនួន និងម៉ូតូកង់បី២គ្រឿង ហើយក្រុមការងារកំពុងស្វែងរកបន្តទៀត។
នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលាជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតា បន្ទាប់ពីទទួលរងទឹកជំនន់កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយលោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណដល់កងកម្លាំងនៃគណៈបញ្ចាការឯកភាពខេត្តទាំងបី ប្អូនៗយុវជន ស.ស.យ.ក និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋជាពិសេសសូមអរគុណដល់ក្រុមការងារភាគីថៃ ដែលបានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែន ជួយឱ្យអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងកាត់ ដោយគ្មានកំណត់ពេលវេលា ដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង