សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហមប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ប្រកាន់អភិក្រមគុណធម៌ និងសីលធម៌
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់យុវជនកាកបាទក្រហមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ដោយធានាបាននូវការអនុវត្តន៍នូវអភិក្រម គុណធម៍ និងសីលធម៍ រួមគ្នាធ្វើអំពើល្អ ដើម្បីបង្កើនតម្លៃកាកបាទក្រហមកម្ពុជានៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។
នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សកម្មភាពរបស់អង្គការបង្កើតនៅលើដី គឺអាស្រ័យទៅលើអ្នកធ្វើ ដូចនេះទាំងថ្នាក់ដឹកនាំ នឹងថ្នាក់កណ្តាល ថ្នាក់រាជធានីខេត្ត ដែលធ្វើសកម្មភាព ជាមួយនឹងសមាជិកគ្រប់ទីកន្លែង គឺឱ្យតែមានកន្លែងណាជួបការ លំបាក គឺមានកាកបាទក្រហមជួយជានិច្ច ដែលនេះគឺជាអ្វីដែលបង្កើនតម្លៃ បង្កើតតម្លៃ រក្សាតម្លៃ នៅក្នុងការទុកចិត្ត របស់ប្រជាពលរដ្ឋ ដោយកាកបាទក្រហមបានជួយប្រជាពលរដ្ឋដោយមិនមានការប្រកាន់និន្នាការនយោបាយ គឺជួយប្រជាពលរដ្ឋដែលជួបការលំបាក ដែលនេះជាការបង្កើតតម្លៃ ការថែរក្សាតម្លៃ និងបង្កើនតម្លៃរបស់កាកបាទក្រហម នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា។
ជាមួយនឹងយុវជនកាកបាទក្រហមទាំងអស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សូមឱ្យបងប្អូនដែលចូលជាសមាជិកកាកបាទក្រហមជិត ៥ពាន់នាក់នាពេលនេះ ប្រកាន់ជំហរ ថា យើងជាអ្នកកំណត់ តម្លៃខ្លួនយើង ធានានូវការអនុវត្តន៍នូវអភិក្រម គុណធម៍ និងសីលធម៍, ពាក់ខោអាវកាកបាទក្រហមគេអត់ស្គាល់ឈ្មោះទេ តែគេស្គាល់យុវជនកាកបាទក្រហម ចេញទៅធ្វើអំពើល្អគេមិនដឹងថាអ្នកណាទេ ដឹងតែថា យុវជនកាកបាទក្រហមធ្វើល្អ តែបើចេញទៅធ្វើខុសគឺគេគិតថាយើងទាំងអស់គ្នាហើយ ដូចនេះអ្វីដែលយើងពាក់គឺការទទួលខុសត្រូវ តម្លៃរបស់យុវជនកាកបាទក្រហមរាប់ម៉ឺននាក់ គឺអាស្រ័យលើទង្វើ របស់សមាជិកម្នាក់ៗ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការស្ម័គ្រចិត្តជាយុវជនកាកបាទក្រហម គឺយើងធ្វើនឹងផ្តើមចេញពីខ្លួនយើង ហើយយើងមិនត្រូវធ្វើជាបន្ទុកសង្គមនោះទេ តែត្រូវជួយដល់សង្គម ជួយដល់គ្រួសារ ជួយដល់ខ្លួនឯង ហើយការជួយនេះមិនសំដៅដល់ការ ជួយ ដោយសារមានថវិកានោះទេ គឺជួយតាមរយៈការធ្វើអំពើល្អ តាមរយៈការប្រកាន់នូវសីលធម៍ គុណធម៍ជាដើម ការចូលរួមជួយគ្នា មិត្តជួយមិត្តពេលជួយការលំបាក នេះហើយជាតម្លៃដែលធ្វើឱ្យកាកបាទក្រហមកាន់តែរឹងមាំ៕