ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ឥណ្ឌូណេស៊ី ប្រកបដោយសុវត្ថិភាព

10

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដល់ប្រទេសឥណ្ឌូណេស៊ីប្រកបដោយ សុវត្ថិភាពហើយ។
ពេលអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ នារដ្ឋធានីហ្សាការតា, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី និងឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិក្នុងធីចូលកាន់តំណែងរបស់លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា។
អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះរួមមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ,ឯកឧត្ដមសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។
ការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី និងអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នេះនឹងបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង