ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាវៀតណាម តែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី

40

ក្រុងហាណូយ៖សភាជាតិវៀតណាម នៅថ្ងៃចន្ទ ទី២១ ខែតុលានេះ បានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការតែងតាំងលោក Luong Cuong ធ្វើឡើងបន្ទាប់ពីលោក To Lem បានសម្រេចចិត្ត លាលែងចេញពីតំណែងប្រធានាធិបតី ដើម្បីទុកឱ្យតំណែងនេះ ឱ្យអ្នកផ្សេង ហើយរូបលោកបន្តកាន់តំណែង ជាអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម។ មុនត្រូវបាន តែងតាំងជាប្រធានាធិបតី លោក Cuong អាយុ៦៧ឆ្នាំ មានឋានន្តរសក្តិជានាយឧត្តមសេនីយ (ផ្កាយ៤) និងបានកាន់តួនាទីជា សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មក។
ដោយឡែក លោក To Lam ដែលមានអាយុ ៦៧ឆ្នាំ ត្រូវបានតែងតាំងជា អគ្គលេខាធិការថ្មីកាលពី ដើមខែសីហាកន្លងទៅនេះ បូកបន្ថែម ពីលើប្រធានាធិបតីនៅពេលនោះ ក្រោយមរណភាពរបស់លោក Nguyen Phu Tron។
គួរបញ្ជាក់ថា នៅវៀតណាម រចនាសម្ព័ន្ធថ្នាក់ដឹកនាំ មានសសរស្តម្ភនៃតំណែងកំពូលៗចំនួន ៤ រួមមានអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង