ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក លឿង គឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

40

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក លឿង គឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។
ក្នុងសារលិខិតបានឱ្យដឹងថា ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចតេជោផ្ទាល់ សម្ដេចចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះលោក លឿង គឿង ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។ ជោគជ័យរបស់លោក លឿង គឿង ក្នុងការបោះឆ្នោត គឺដោយសារការដឹកនាំឆ្នើមនៅថ្នាក់ជាតិ សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់លោកចំពោះជាតិមាតុភូមិ និងប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក លឿង គឿង សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តចម្រើនលូតលាស់ និងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងក្លាយជាប្រទេសប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយសារការចូលរួមចំណែករបស់លោក លឿង គឿង មួយភាគធំ។ លើសពីនេះ សាមគ្គីភាព ទំនាក់ទង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ ផ្អែកលើការគោរពគ្នា ទំនុកចិត្តគ្នា និងការប្តេជ្ញាចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងនាមជាបងប្អូនល្អ អ្នកជិតខាងល្អ និងដៃគូល្អ នឹងត្រូវបានបន្តពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក លឿង គឿង រដ្ឋសភា និងគណបក្សកុម្មុយនីស្តវៀតណាម (CPV) ដើម្បីជំរុញឧត្តមប្រយោជន៍របស់ប្រជាជននិងប្រទេសទាំងពីរ និងដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុលភាពទាំងក្នុងនិងក្រៅតំបន់៕

អត្ថបទដែលជាប់ទាក់ទង