ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌានិងចិន ឈានដល់កិច្ចព្រមព្រៀងល្បាតព្រំដែន ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ

45

ក្រុងប៉េកាំង៖រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានប្រកាសឱ្យដឹងនៅថ្ងៃចន្នថា ឥណ្ឌា និងចិនបានសម្រេចលើកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយការជាប់គាំងយោធាអស់រយៈពេល ៤ ឆ្នាំ នៅតាមព្រំដែនហិម៉ាឡៃយ៉ានដែលមានជម្លោះ។ នេះ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
កិច្ចព្រមព្រៀងនេះអាចនាំឱ្យមានការដកទ័ពចេញពីតំបន់ភ្នំដាច់ស្រយាល និងជួយបន្ធូរបន្ថយទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពតានតឹងចាប់តាំងពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ ២០២០ ដែលបានសម្លាប់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់។
ការប្រកាសនេះធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ដែលលោកអាចជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping។ លោក Misri បានបញ្ជាក់ថា អ្នកចរចាផ្នែកការទូតនិងយោធានៃប្រទេសទាំងពីរ បានធ្វើការចរចាជាច្រើនលើកក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ។
ទោះបីជាមានការរីកចម្រើនក្នុងការចរចាក៏ដោយ ក៏ឧត្តមសេនីយ៍ឥណ្ឌាម្នាក់ គឺលោក Upendra Dwivedi បានព្រមានថា ស្ថានការណ៍នៅតែមានភាពរសើប ហើយភាគីទាំងពីរត្រូវដោះស្រាយបញ្ហាលំបាកៗជាច្រើនទៀត ដើម្បីស្តារស្ថានភាពឡើងវិញដូចមុនខែមេសា ឆ្នាំ២០២០។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតាមដាន និងការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយមេបញ្ជាការយោធានៃប្រទេសទាំងពីរ។
ការជាប់គាំងនៅតាមព្រំដែនបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងចិន។ ឥណ្ឌាបានរឹតបន្តឹងការត្រួតពិនិត្យការវិនិយោគពីក្រុមហ៊ុនចិន និងបញ្ឈប់គម្រោងធំៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការនាំចូលរបស់ឥណ្ឌាពីចិនបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការប៉ះទង្គិចគ្នានៅតាមព្រំដែន ដែលបង្ហាញថា ចិននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ឥណ្ឌា។
កិច្ចព្រមព្រៀងល្បាតព្រំដែននេះ ត្រូវបានគេមើលឃើញថា ជាជំហានវិជ្ជមានមួយក្នុងការបន្ធូរបន្ថយភាពតានតឹង និងស្តារទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ។ វាក៏អាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច នាពេលអនាគតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង