ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការនគរបាលជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា

68


ភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាម។
ជាលទ្ធផលនៃការស្រាវជ្រាវ នាយឧត្តមសេនីយ ស ថេត បានរៀបរាប់ថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។
ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។
រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឲ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។
នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀតថា ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ រួចហើយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្កា និងច្រានចោលទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង