ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ជ័យលាភីលេខ១ ដែលនិពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ

12

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង និងគណៈកម្មការរៀបចំការប្រកួតតែង កំណាព្យ និងចម្រៀងដើម្បី «អបអរសាទរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» បានសម្រេចដកហូតនូវជ័យលាភីលេខ១ ពីបទចម្រៀង «ម្លប់សក្ការៈ» ដែលបាននិពន្ធ និងដាក់មកប្រកួតដោយ កញ្ញា ប៉ុល ឆម៉ាលីន។

ក្នុងសេចក្ដីជូនដំណឹងបានអះអាងថា បេក្ខជនរូបនេះបានយកបទចម្រៀង «ម្លប់សក្ការៈ» ដែលជាកម្មសិទ្ធបញ្ញារបស់កម្មវិធីទៅផលិតជាវីដេអូ និងបានប្រើប្រាស់ និមិត្តសញ្ញារបស់ សហភាពសហព័ន្ធយុវជនកម្ពុជា មូលនិធិមុទិតា ព្រមទាំង ព្រះរាជសង្ហារព្រះមហាក្សត្រ ដោយគ្មានការអនុញ្ញាត និងផ្ដល់លទ្ធភាពឲ្យតតិយជនយកទៅប្រើប្រាស់ជាផលប្រយោជន៍ឯកជន តាមរយៈការផលិតវីដេអូទៅផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook និង Tiktok។

ទង្វើនេះត្រូវបានចាត់ទុកថា ជាការបំពានលក្ខខណ្ឌនៃការប្រកួត ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ប្រការ២ ចំណុច ២.ឈ និងបទបញ្ជាផ្ទៃក្នុងរបស់កម្មវិធី ព្រមទាំងជាការមិនគោរពដល់ស្ថាប័ន ស.ស.យ.ក. បម្រើការនៅក្រសួងព្រះបរមរាជវាំង ក៏ដូចជាគណៈកម្មការរៀបចំកម្មវិធី នេះជាការប្រមាថដល់ស្ថាប័នព្រះ បរមរាជវាំង និង ដល់ព្រះចេស្តារបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ កញ្ញា ប៉ុល ឆម៉ាលីន ឬ បុគ្គលដទៃទៀត មិនត្រូវបានអនុញ្ញាតឲ្យយកទំនុកច្រៀង (LYRIC) ឬ ខ្លឹមសារអត្ថន័យចម្រៀង និងបទភ្លេង (MELODY) ដែលធ្លាប់បានដាក់ ចូលប្រកួតទៅបន្តប្រើប្រាស់ ផ្សព្វផ្សាយបន្ត ដាក់បង្ហាញចេញក្នុងកម្មវិធីផ្សេងទៀត ឬនៅតាមទីសាធារណៈ ឬ ភ្ជាប់ ជាមួយគោលបំណងអាជីវកម្ម និង/ឬ សកម្មភាពផ្សេងៗជាដាច់ខាត។ ជាពិសេសមិនអនុញ្ញាតឲ្យប្រើប្រាស់បទចម្រៀងនេះក្នុងនាមជាជ័យលាភីនៃកម្មវិធីរបស់ ស.ស.យ.ក. បម្រើការនៅក្រសួងព្រះបរមរាជវាំងនោះឡើយ។

ក្នុងករណីដែលមានការបំពាន ឬ/និងការណ៍ណាមួយដែលអនុវត្តន៍ ដោយបុគ្គលណាម្នាក់ ឬច្រើននាក់បាន ប្រព្រឹត្តផ្ទុយពីការជូនដំណឹងនេះដោយគ្មានការអនុញ្ញាតជាមុន ស.ស.យ.ក. បម្រើការនៅក្រសួងព្រះបរមរាជវាំង សូមរក្សាសិទ្ធិពេញលេញក្នុងការអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង