ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន ថានឹងសងសឹក បើលោកខាងលិចបើកដៃឱ្យអ៊ុយក្រែន ប្រើអាវុធរយៈចម្ងាយឆ្ងាយវាយប្រហារលើរុស្ស៉ី

45

Reuters៖ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូមានមធ្យោបាយជាច្រើន ដើម្បីចាត់វិធានការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិក និង NATO អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច វាយប្រហារលើទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងបទសម្ភាន៍មួយដែលត្រូវបានចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍ឱ្យទូរស្សន៍រដ្ឋរុស្ស៉ី លោក Pavel Zarubin លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិរុស្ស៉ី កំពុងគិតគូរពីមធ្យោបាយថាតើត្រូវធ្វើការឆ្លើយតបបែបណា ចំពោះការវាយប្រហារដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ លើទឹកដីរុស្ស៉ីហើយខាងក្រសួងនឹងផ្ដល់ឱ្យនូវមធ្យោបាយជាច្រើនដើម្បីចាត់វិធានការឆ្លើយតប»

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទូចសុំម្ដងហើយម្ដងទៀតឱ្យលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក អនុញ្ញាតឱ្យទីក្រុងកៀវ ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ផ្ដល់ ដោយលោកខាងលិច វាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី ខណៈកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។ ទាំងលោក ចូ បៃដិន និងមេដឹកនាំ លោកខាងលិចមួយចំនួន ហាក់មានការស្ទាក់ស្ទើរ ដ្បិតខ្លាចថាសង្រ្គាមអាចនឹងរាលដាលកាន់តែធំ។ ប៉ុន្តែ ការទទូចសុំបែបនេះរបស់អ៊ុយក្រែន បានកើតឡើងជាថ្មី ក្រោយមានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់រុស្ស៉ី ត្រៀមសម្រាប់ការដាក់ពង្រាយទៅជួយកងទ័ពរុស្ស៉ីប្រយុទ្ធនៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង